(ប៉េកាំង)៖ ចិនបានបន្តរក្សាជំហររបស់ខ្លួនលើកោះចំនួនបី ដែលមានជម្លោះនៅក្នុងឈូងសមុទ្រពែក្ស ទោះបីជាទីក្រុងតេហេរ៉ង់បានបង្ហាញការមិនពេញចិត្ត ចំពោះទីក្រុងប៉េកាំងដែលបានពណ៌នាអំពីកោះទាំងនោះថា ជាបញ្ហាដែលត្រូវដោះស្រាយជាមួយអេមីរ៉ាតអារ៉ាប់រួម (UAE) ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។

កាលពីសប្តាហ៍មុន ចិនបានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ UAE ក្នុងការស្វែងរក «ដំណោះស្រាយដោយសន្តិវិធី» ចំពោះបញ្ហាកោះទាំងនោះ គឺកោះ Greater Tunb, កោះ Lesser Tunb និងកោះ Abu Musa។

កាលពីថ្ងៃអាទិត្យ ទីក្រុងតេហេរ៉ង់បានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំនៅអ៊ីរ៉ង់ ដើម្បីតវ៉ាប្រឆាំងនឹង «ការគាំទ្រម្តងហើយម្តងទៀត» របស់ចិនចំពោះ «ការទាមទារគ្មានមូលដ្ឋាន» របស់ UAE។ ក្រសួងការបរទេសអ៊ីរ៉ង់បានបង្ហាញក្តីរំពឹងថា រដ្ឋាភិបាលចិននឹងពិនិត្យឡើងវិញនូវជំហររបស់ខ្លួនលើបញ្ហានេះ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសចិននៅថ្ងៃចន្ទនេះ បានអំពាវនាវម្តងទៀតឱ្យអ៊ីរ៉ង់ និងអេមីរ៉ាតអារ៉ាប់រួម (UAE) ដោះស្រាយភាពខ្វែងគំនិតគ្នារបស់ពួកគេ តាមរយៈការសន្ទនា និងពិគ្រោះយោបល់ ដោយពណ៌នាអំពីជំហររបស់ចិនលើបញ្ហានេះថា «មានភាពស៊ីសង្វាក់គ្នា»។ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា ខ្លឹមសារពាក់ព័ន្ធនៃសេចក្តីថ្លែងការណ៍រួមចិន-UAE គឺស្របនឹងជំហររបស់ចិន ដោយមិនផ្តល់ការកែប្រែជំហររបស់ទីក្រុងប៉េកាំងទេ។ ចិន ក៏បានបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងអ៊ីរ៉ង់នៅតែរឹងមាំ ហើយចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្ររបស់ពួកគេ។

គួរជម្រាបថា ចិនធ្លាប់បានធ្វើឱ្យអ៊ីរ៉ង់ខឹងនៅក្នុងខែធ្នូ ឆ្នាំ ២០២២ នៅពេលដែលខ្លួនបានចេញសេចក្តីថ្លែងការណ៍រួមមួយជាមួយបណ្តាប្រទេសក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដែលបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហានៃកោះទាំងបី។ សេចក្តីថ្លែងការណ៍នោះ បានសង្កត់ធ្ងន់លើតម្រូវការធានាសន្តិភាពនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលមិនត្រូវបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយជាមួយ UAE នោះទេ៕