(ហ្សឺណែវ)៖ ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ (អ.ស.ប) នៅថ្ងៃចន្ទនេះ បានអំពាវនាវដល់ប្រទេសទាំងអស់ឱ្យធ្វើតាមគំរូនៃប្រទេសសមាជិក ១៤៦ប្រទេស ដែលបានទទួលស្គាល់អធិបតេយ្យភាពរបស់រដ្ឋប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី០៣ ខែមិថុនា​ ឆ្នាំ២០២៤។

ក្រុមអ្នកជំនាញបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេថា «ការទទួលស្គាល់នេះ គឺជាការទទួលស្គាល់ដ៏សំខាន់មួយ ចំពោះសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន និងការតស៊ូ និងការរងទុក្ខរបស់ពួកគេក្នុងការស្វែងរកសេរីភាព និងឯករាជ្យ»។

ក្រុមអ្នកជំនាញ បានសង្កត់ធ្ងន់ថា ប៉ាឡេស្ទីនត្រូវតែអាចទទួលបានសិទ្ធិកំណត់ដោយខ្លួនឯងពេញលេញ រួមទាំង «សមត្ថភាពក្នុងការកំណត់ជោគវាសនាផ្ទាល់ខ្លួន និងអភិវឌ្ឍដោយសេរីជាប្រជាជនដែលមានសុវត្ថិភាព និងសន្តិសុខ»

ពួកគេបានសង្កត់ធ្ងន់ថា «នេះគឺជាលក្ខខណ្ឌមុនសម្រាប់សន្តិភាពយូរអង្វែងសម្រាប់ប៉ាឡេស្ទីន និងទូទាំងតំបន់មជ្ឈិមបូព៌ា» ហើយពួកគេបាននិយាយថា វាចាប់ផ្តើមដោយការប្រកាសភ្លាមៗនៃបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា និងគ្មានការឈ្លានពានយោធាបន្ថែមទៀតចូលទៅក្នុងទីក្រុងរ៉ាហ្វា (Rafah) ឡើយ។

ក្រុមអ្នកជំនាញ បានស្វាគមន៍ការទទួលស្គាល់ថ្មីៗនៃរដ្ឋប៉ាឡេស្ទីនដោយប្រទេសន័រវេស អៀរឡង់ និងអេស្ប៉ាញ។ ពួកគេបាននិយាយថា «ទោះបីជាការរំពឹងទុកនៃសន្តិភាពពិតប្រាកដ និងការបញ្ចប់ការកាន់កាប់នៅតែមិនអាចសម្រេចបាន ចាប់តាំងពីកិច្ចព្រមព្រៀង Oslo ជាង ៣០ឆ្នាំមកនេះក៏ដោយ ក៏ដំណោះស្រាយនយោបាយមិនគួរត្រូវបានចាត់ទុកថា ជារឿងដែលមិនអាចកើតមានឡើយ»។

ក្រុមអ្នកជំនាញបាននិយាយថា «ដំណោះស្រាយរដ្ឋពីរនៅតែជាមាគ៌ាតែមួយគត់ ដែលបានឯកភាពគ្នានៅលើឆាកអន្តរជាតិ ដើម្បីសន្តិភាព និងសន្តិសុខសម្រាប់ទាំងប៉ាឡេស្ទីន និងអ៊ីស្រាអែល និងជាផ្លូវចេញពីវដ្តនៃអំពើហិង្សាបន្តជំនាន់»

ក្រុមអ្នកជំនាញ ក៏បានជំរុញឱ្យបណ្តាប្រទេស «ចៀសវាងពីការគំរាមកំហែង និងការវាយប្រហារលើតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ)» ដោយបានសង្កត់ធ្ងន់ថា តុលាការទាំងនេះត្រូវតែដំណើរការដោយគ្មានការជ្រៀតជ្រែកពីបរទេស ដើម្បីគាំទ្រយុត្តិធម៌ និងការទទួលខុសត្រូវជាសកលសម្រាប់ជនរងគ្រោះទាំងអស់នៃជម្លោះនេះ៕