(ម៉ានីល)៖ ភ្នំភ្លើងមួយនៅកណ្តាលប្រទេសហ្វីលីពីនបានផ្ទុះឡើងនៅថ្ងៃចន្ទនេះ បញ្ចេញផ្សែងដ៏ខ្មៅងងឹតដល់កម្ពស់ប្រាំគីឡូម៉ែត្រ នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងាររញ្ជួយដីរបស់ប្រទេសនេះ។ ទីភ្នាក់ងារនេះបានបន្ថែមថា ការជម្លៀសប្រជាជននៅក្នុងតំបន់នៅមិនទាន់ត្រូវបានណែនាំនៅឡើយទេ។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។

ភ្នំ Kanlaon ដែលស្ថិតនៅចន្លោះខេត្ត Negros Oriental និង Negros Occidental នៅតែស្ថិតក្នុងកម្រិតប្រុងប្រយ័ត្នទាប ហើយកម្រិតនេះមិនមានការផ្លាស់ប្តូរអស់រយៈពេលជាច្រើនថ្ងៃមកហើយ មុនពេលការផ្ទុះឡើង នេះបើយោងតាមវិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន (Phivolcs) បាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយ។

លោក Teresito Bacolcol នាយក Phivolcs បាននិយាយនៅថ្ងៃចន្ទថា ទីភ្នាក់ងារនេះកំពុងវាយតម្លៃថាតើត្រូវដំឡើងកម្រិតប្រុងប្រយ័ត្នរបស់ភ្នំភ្លើងនេះ ឬអត់ ចាប់តាំងពីការផ្ទុះឡើង ដែលលោកបានពណ៌នាថាជាការផ្ទុះ "phreatic" ឬបណ្តាលមកពីចំហាយទឹក។

លោកបាននិយាយថា មានតំបន់គ្រោះថ្នាក់ចម្ងាយ ៤គីឡូម៉ែត្រនៅជុំវិញជើងភ្នំភ្លើង ប៉ុន្តែទីភ្នាក់ងារនេះមិនទាន់បានណែនាំឱ្យមានការជម្លៀសប្រជាជនដែលរស់នៅក្បែរតំបន់នោះទេ។ លោក Bacolcol បានឱ្យដឹងទៀតថា ភ្នំ Kanlaon បានផ្ទុះចុងក្រោយនៅក្នុងខែធ្នូ ឆ្នាំ ២០១៧។

គួរជម្រាបថា ប្រទេសហ្វីលីពីនស្ថិតនៅក្នុងតំបន់ "Ring of Fire"​ ឬ "ក្រវ៉ាត់ភ្លើង" នៃមហាសមុទ្រប៉ាស៊ីហ្វិក ជាកន្លែងដែលសកម្មភាពភ្នំភ្លើង និងរញ្ជួយដីកើតមានជាញឹកញាប់ជាងគេមួយ៕