(ម៉ូស្គូ)៖ លោក Sergei Ryabkov អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី បានព្រមាននៅថ្ងៃចន្ទថា សហរដ្ឋអាមេរិកអាចប្រឈមមុខនឹង «ផលវិបាកធ្ងន់ធ្ងរ» ប្រសិនបើមិនអើពើនឹងការព្រមានរបស់ទីក្រុងម៉ូស្គូ ដែលមិនឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធ ដែលផ្តល់ដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីវាយប្រហារគោលដៅនៅក្នុងប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤។

ការព្រមាននេះបានកើតឡើង ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីសប្តាហ៍មុន ក្នុងការអនុញ្ញាតឱ្យប្រើប្រាស់អាវុធអាមេរិក ដើម្បីវាយប្រហារគោលដៅនៅក្នុងទឹកដីរុស្ស៊ី ដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារនៅក្នុងតំបន់ Kharkiv ភាគឦសាននៃប្រទេសអ៊ុយក្រែន។

លោក Ryabkov បានសង្កត់ធ្ងន់ថា មេដឹកនាំអាមេរិកកំពុង «មើលស្រាល» ចំពោះភាពធ្ងន់ធ្ងរនៃស្ថានការណ៍ ហើយអំពាវនាវឱ្យពួកគេពិចារណាឡើងវិញ នូវផលវិបាកដ៏ធ្ងន់ធ្ងរដែលអាចកើតមានឡើង។ ដោយដកស្រង់សម្តីរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថ្មីៗនេះ លោកបាននិយាយថា បណ្តាប្រទេសណាតូ កំពុងប្រឈមនឹងជម្លោះសកលកាន់តែជ្រៅដោយការគាំទ្រអ៊ុយក្រែន។

គួរជម្រាបថា ប្រធានាធិបតី ពូទីន បានបញ្ជាក់ថា ការចូលរួមណាមួយរបស់លោកខាងលិចក្នុងការវាយប្រហាររបស់អ៊ុយក្រែនលើប្រទេសរុស្ស៊ី នឹងធ្វើឱ្យលោកខាងលិចជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងជម្លោះ ក្នុងនោះរួមមានដូចជាការផ្តល់ឱ្យអ៊ុយក្រែន នូវប្រព័ន្ធផ្កាយរណប ការស៊ើបការណ៍សម្ងាត់ និងការគាំទ្រផ្នែកយោធាជាដើម៕