(កៀវ)៖ នៅថ្ងៃចន្ទនេះ អ្នកនាំពាក្យលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថា លោកប្រធានាធិបតីអ៊ុយក្រែន នឹងចូលរួមកិច្ចប្រជុំកំពូល នៃក្រុមប្រទេស G7 ដែលនឹងប្រព្រឹត្តទៅនៅអ៉ីតាលី ដោយរូបលោកអាចនឹងទៅចូលរួមដោយផ្ទាល់ ឬមួយក៏បង្ហាញវត្តមានតាមអនឡាញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤។

ប្រធានបទសំខាន់មួយ នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូល G7 ដែលត្រូវធ្វើឡើង នៅភាគខាងត្បូងប្រទេសអ៉ីតាលី ចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ខែមិថុនា គឺមធ្យោបាយដើម្បីប្រើប្រាស់ទ្រព្យសម្បត្តិ ដែលត្រូវបានបង្កករបស់រុស្ស៉ី យកទៅជួយអ៊ុយក្រែន ខណៈទីក្រុងកៀវ បាននិងកំពុងដង្ហោយសុំឱ្យមាន​ការជួយជ្រោមជ្រែងផ្នែកយោធាបន្ថែមទៀត ពីសម្ព័ន្ធមិត្តរបស់ខ្លួន។

អ្នកនាំពាក្យរូបនោះ បានលើកឡើងយ៉ាងដូច្នេះថា «គួរឱ្យសោកស្តាយ ខ្ញុំមិនអាចទទួលស្គាល់ ឬក៏៏បដិសេធនោះឡើយ ចំពោះសំណួរថា តើលោកប្រធានាធិបតី ហ្សេលេនស្គី នឹងទៅចូលរួមដោយផ្ទាល់ដែរឬអត់ ក្នុងកិច្ចប្រជុំកំពូល G7 ប៉ុន្តែយ៉ាងណាក៏ដោយ វា​ច្បាស់ណាស់ គឺរូបលោកនឹងមានវត្តមាន នៅក្នុងកិច្ចប្រជុំនោះ ដោយអាចតាមរយៈប្រព័ន្ធអនឡាញ ឬក៏ទៅដល់កន្លែងផ្ទាល់តែម្តង»

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ លោក ហ្សេលេនស្គី ត្រូវគេសង្កេតឃើញថា បានប្រឹងប្រែងជាខ្លាំង ដើម្បីស្វែងរកការគាំទ្រ សម្រាប់​កិច្ចប្រជុំសន្តិភាពអ៊ុយក្រែន ដែលគ្រោងធ្វើឡើងនាថ្ងៃទី១៥-១៦ ខែមិថុនា នៅក្នុងប្រទេសស្វីស តាមរយៈការបំពេញទស្សនកិច្ចទៅកាន់ ​ប្រទេសអឺរ៉ុបមួយចំនួន ព្រមទាំងមកកាន់ប្រទេសសិង្ហបុរី និងហ្វីលីពីន៕