(ប៉េកាំង)៖ "ការធ្វើនាវាចរណ៍មិនមែនជាការអនុវត្តអនុត្តរភាពនោះទេ ហើយសេរីភាពក៏មិនអាចប្រព្រឹត្តទៅតាមតែទំទើងចិត្តនោះដែរ"។ពេលថ្មីៗនេះ ក្នុងសន្និសីទកាសែតនៃក្រសួងការពារជាតិចិន ការឆ្លើយសំណួររបស់អ្នកនាំពាក្យចិនអំពីរបាយការណ៍ "សេរីភាពនាវាចរណ៍" ក្នុងឆ្នាំសារពើពន្ធ២០២៣ ដែលចេញផ្សាយដោយក្រសួងការពារជាតិអាមេរិក គឺមានភាពស៊ីជម្រៅណាស់។ យោងតាមរបាយការណ៍នេះ អាមេរិកបានបំពានលើ "គំនិតផ្តួចផ្តើមលើដែនសមុទ្រហួសហេតុពេក" ចំនួន២៩ប្រការរបស់ប្រទេសឬតំបន់ចំនួន១៧ ដែលបូករួមទាំងប្រទេសចិនផង ក្នុងឆ្នាំសារពើពន្ធ២០២៣។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ "សេរីភាពនាវាចរណ៍" បានក្លាយជាលេសរបស់អាមេរិក ប្រើប្រាស់ជាញឹកញាប់ ដើម្បីបង្ហាញសាច់ដុំរបស់ខ្លួន និងធ្វើសមយុទ្ធយោធា និងយាមល្បាតរួមនៅគ្រប់ទីកន្លែង។ ចាប់តាំងពីឆ្នាំមុនមក ប្រទេសហ្វីលីពីនបានបំពាន ចូលដែនសមុទ្រ នៃតំបន់ថ្មប៉ប្រះទឹក Ren'ai និងកោះ Huangyan របស់ប្រទេសចិនជាញឹកញាប់ អាមេរិក ជប៉ុននិងហ្វីលីពីនបានធ្វើ កិច្ចប្រជុំកំពូលត្រីភាគី ជាលើកដំបូង ហើយបានវាយប្រហារប្រទេសចិន ដោយមិនសមហេតុផល អំពីបញ្ហាសមុទ្រចិនខាងត្បូង។ល។ ក្នុងនាមជាបាតដៃខ្មៅនៅពីក្រោយនៃករណីទាំងនេះ ភាគីអាមេរិកបានប្រើពាក្យសំដី "សេរីភាពនាវាចរណ៍" ធ្វើជាលេសម្តងហើយម្តងទៀត។

តើក្នុងមាត់អាមេរិក "សេរីភាពនាវាចរណ៍" គឺជាអ្វី? នៅក្នុងក្រសែភ្នែករបស់អាមេរិក "ក្រៅពីពីដែនសមុទ្រគឺជាសមុទ្រសាធារណ" ដូចនេះ អាមេរិកក៏បានប្រឌិត និយមន័យនៃ "ដែនសមុទ្រអន្តរជាតិ" ជាពិសេស។ ក្នុងគំនិតនិងទង្វើរបស់អាមេរិក មិនថា នាវាចម្បាំងរបស់អាមេរិក អាចធ្វើដំណើរដោយសេរី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសផ្តាច់មុខ ដែលមានចម្ងាយ២០០ម៉ាយសមុទ្ររបស់ប្រទេសផ្សេងទៀត សូម្បីតែក្នុងចម្ងាយ១២ម៉ាយសមុទ្រ នៃប្រទេសតាមឆ្នេរសមុទ្រក៏ដោយ វាក៏អាចធ្វើដំណើរឆ្លងកាត់ដោយ "មិនរងការដាក់កំហិតមិនស្របច្បាប់ពីប្រទេសនេះ" ក្នុងនាមជាការឆ្លងកាត់ ដោយគ្មានផលប៉ះពាល់។

អាមេរិកមិនបានចូលរួមក្នុង《អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់មហាសមុទ្រ》ទេ ប៉ុន្តែបែរជាបានប្រើប្រាស់ "សេរីភាពនាវាចរណ៍" មកបំពានលើអ្វីដែលហៅថា "គំនិតផ្តួចផ្តើមដែនសមុទ្រហួសហេតុពេក" របស់ប្រទេសដទៃទៀត ការពិតគឺចង់គាំពារអនុត្តរភាពលើដែនសមុទ្រសកលរបស់ខ្លួន។ អាមេរិកតែងតែនិយាយ បានតែមាត់ថា "ប្រតិបត្តិការ អំពីសរីភាពនាវាចរណ៍" គឺដើម្បីធានាសុវត្ថិភាពនៃផ្លូវសមុទ្រ និងវិបុលភាពពាណិជ្ជកម្មលើសមុទ្រ ប៉ុន្តែតើនេះ ជាការពិតមែនទេ?

ចាប់ពីឆ្នាំ១៩៩១មក ក្រសួងការពារជាតិអាមេរិក បានចេញផ្សាយតាមពេលកំណត់ នូវរបាយការណ៍ស្តីពី "សេរីភាពនាវាចរណ៍" ជារៀងរាល់ឆ្នាំ។ តាមស្ថិតិឱ្យដឹងថា គិតរហូតដល់ឆ្នាំ២០២២ អាមេរិកបានអនុវត្ត "ប្រតិបត្តិការអំពីសេរីភាពនាវាចរណ៍" សរុបចំនួនជាង៦រយដង ចំពោះប្រទេសចំនួនជាង៦០ ហើយបំពានលើ អ្វីដែលហៅថា "គំនិតផ្តួចផ្តើមដែនសមុទ្រហួសហេតុពេក" ចំនួនជាង៧រយប្រការ។

បញ្ញាវ័នមួយចំនួនបានធ្វើការស្រាវជ្រាវបង្ហាញថា មុនឆ្នាំ២០០០ តំបន់អាស៊ីប៉ាស៊ីហ្វិក នៅមិនទាន់ជាគោលដៅចម្បងសម្រាប់" ប្រតិបត្តិការអំពីសេរីភាពនាវាចរណ៍" របស់អាមេរិកនៅឡើយ។ ប៉ុន្តែក្រោយពីឆ្នាំ២០០០ តួនាទីរបស់តំបន់អាស៊ីប៉ាស៊ីហ្វិក បានកើនឡើងយ៉ាងច្បាស់លាស់។

ហេតុអ្វីបានជាមានការប្រែប្រួលបែបនេះ? នេះគឺមានទំនាក់ទំនងយ៉ាងស្និទ្ធស្នាលជាមួយកត្តាមួយចំនួន ដូចជា អាមេរិកបានបង្វិល ការផ្តោតសំខាន់ជា យុទ្ធសាស្រ្តសកលរបស់ខ្លួន ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ការសង្ស័យជាយុទ្ធសាស្ត្ររបស់អាមេរិក ចំពោះប្រទេសចិនមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ និងការឡើងកម្តៅជាបន្តបន្ទាប់នៃវិវាទអំពីអធិបតេយ្យភាព របស់សមុទ្រចិនខាងត្បូងរវាងហ្វីលីពីននិងចិនជាដើម។

ឆ្នាំ២០២៣ ស្របពេលដែលហ្វីលីពីនបានបង្កហេតុនៅសមុទ្រចិនខាងត្បូងជាញឹកញាប់ កងទ័ពអាមេរិក បានបង្កើនប្រតិបត្តិការយោធា របស់ខ្លួន នៅសមុទ្រចិនខាងត្បូងនិងតំបន់ជុំវិញ។ ដូចដែលអ្នកជំនាញបានថ្លែងថា "ប្រតិបត្តិការអំពីសេរីភាពនាវាចរណ៍" របស់អាមេរិកគ្មានទំនាក់ទំនងទាល់តែសោះ ជាមួយការគាំពារសន្តិសុខផ្លូវនាវាចរណ៍អន្តរជាតិ និងវិបុលភាពនៃពាណិជ្ជកម្មលើសមុទ្រ ដែលពួកគេបានអួតអាងនោះទេ តែគឺជាឧបករណ៍យោធា សម្រាប់ជំរុញយុទ្ធសាស្ត្រសកលរបស់អាមេរិក និងគាំពារផលប្រយោជន៍ សន្តិសុខរបស់អាមេរិក។

តាមពិតទៅ ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសចិននិងអាស៊ាន សេរីភាពនាវាចរណ៍នៅសមុទ្រចិនខាងត្បូង មិនមានបញ្ហាអ្វីជាប់រហូត។ ការដែលអាមេរិកអនុវត្ត "អនុត្តរភាពនាវាចរណ៍" ដោយយក "សេរីភាពនាវាចរណ៍" ធ្វើជាលេស ទើបជាប្រភពដែលបណ្តាលឱ្យមានហានិភ័យខាងសន្តិសុខ លើដែនសមុទ្រនិងអាកាស៕

វិទ្យុមិត្តភាពកម្ពុជាចិន