(ចូហាន់ណេសបឺគ)៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បាននិយាយនៅថ្ងៃចន្ទនេះថា មិនគួរមានការគំរាមកំហែងនៃអំពើហិង្សា ឬការបង្កអស្ថិរភាពនោះឡើយ បន្ទាប់ពីការបោះឆ្នោតសប្តាហ៍មុន បានធ្វើឱ្យ គណបក្សសមាជជាតិអាហ្វ្រិក ឬ African National Congress (ANC) របស់លោក បាត់បង់សំឡេងគាំទ្រភាគច្រើន ជាលើកដំបូង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ ២០២៤។

លទ្ធផលនៃការបោះឆ្នោត ដែលត្រូវបានប្រកាសកាលពីថ្ងៃអាទិត្យ ទី២ ខែមិថុនា គឺជាលទ្ធផលដ៏អាក្រក់បំផុតមួយសម្រាប់បក្ស ANC ដែលជាគណបក្សចាស់វស្សាបំផុតនៅទ្វីបអាហ្រ្វិក និងធ្លាប់ដឹកនាំដោយ លោក Nelson Mandela គិតចាប់តាំងពីកាន់អំណាចជាង ៣០ឆ្នាំមកនេះ និងដែលបានបិទបញ្ចប់ការគ្រប់គ្រងរបស់ជនជាតិភាគតិចស្បែកស។ អ្នកបោះឆ្នោត ខឹងសម្បារចំពោះភាពគ្មានការងារធ្វើ វិសមភាព និងការដាច់ចរន្តអគ្គិសនីម្តងហើយម្តងទៀត បាននាំការគាំទ្រសម្រាប់ ANC ថយចុះមកត្រឹម ៤០.២ភាគរយ ដោយធ្លាក់ចុះពី ៥៧.៥ភាគរយ ក្នុងការបោះឆ្នោតសភា ឆ្នាំ២០១៩។ លោក Ramaphosa បានប្រាប់កាសែតក្នុងស្រុកថា «នេះជាពេលវេលា ដែលប្រទេសរបស់យើង ត្រូវស្វែងរកការដឹកនាំប្រកបដោយភាពទទួលខុសត្រូវ និងការចូលរួមប្រកបដោយលក្ខណៈស្ថាបនា។ វាមិនគួរមានឡើយ នូវការគំរាមកំហែងដោយអំពើហិង្សា ឬការបង្កអស្ថិរភាព»

គួរបញ្ជាក់ថា ការធ្លាក់ចុះខ្លាំងនៃប្រជាប្រិយភាពរបស់គណបក្ស ANC បានបង្កជាមន្ទិលសង្ស័យថា ពេលវេលាជាមេដឹកនាំរបស់ លោក Ramaphosa គឺនៅសល់មិនយូរទៀតឡើយ ពោលគឺអាចដោយសារតែការទាមទាររបស់ដៃគូចម្រុះ ឬជាលទ្ធផលនៃការប្រកួតប្រជែង តំណែងមេដឹកនាំ នៅក្នុងបក្សផ្ទាល់។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មន្ត្រី​ជាន់​ខ្ពស់​របស់បក្ស​ បាន​សម្តែងការគាំទ្រ​ជា​សាធារណៈចំពោះ​រូបលោក ខណៈក្រុម​អ្នក​វិភាគ​និយាយ​ថា ហាក់នៅមិន​ទាន់មាន​អ្នកណាអាច​ជំនួស លោក Ramaphosa បានទេ៕