(ម៉ិកស៉ីកូស៉ីធី)៖ លទ្ធផលបឋមផ្លូវការបានបង្ហាញថា លោកស្រី Claudia Sheinbaum បានជាប់ឆ្នោតជាប្រធានាធិបតីស្រីដំបូងគេបំផុត នៅក្នុងប្រទេសម៉ិកស៉ិក ក្រោយការបោះឆ្នោតដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃអាទិត្យ ទី២ ខែមិថុនា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤។

ក្រោយការរាប់សន្លឹកឆ្នោតបែបរហ័ស ទីភ្នាក់ងាររៀបចំការបោះឆ្នោតរបស់ម៉ិកស៉ិក (INE) បានប្រកាសលទ្ធផលបឋមឱ្យដឹងថា លោកស្រី Sheinbaum ដែលជាបេក្ខជនរបស់សម្ព័ន្ធបក្សកាន់អំណាចបច្ចុប្បន្ន នឹងឈ្នះបានសំឡេងគាំទ្ររហូតដល់ចន្លោះ ៥៨-៦០ភាគរយឯណោះ នៃសន្លឹកឆ្នោតទាំងអស់ ពោលគឺនាំមុខ៣០ភាគរយ ធៀបទៅនឹងសំឡេងគាំទ្រ នៃគូប្រជែងចម្បងរបស់ខ្លួន គឺលោកស្រី Xochitl Galvez។ ក្រោយដំណឹងនេះ លោកស្រី Sheinbaum បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រថា លោកស្រីមិនឱ្យធ្វើឱ្យពួកគេខកបំណងឡើយ។ លោកស្រី Galvez ក៏បានចេញមុខទទួលស្គាល់ជ័យជម្នះ របស់លោកស្រី Sheinbaum ផងដែរ។

គួរបញ្ជាក់ថា បើតាមការព្យាកររបស់ទីភ្នាក់ងារ INE សម្ព័ន្ធគណបក្សកាន់អំណាច ក៏ទំនងជានឹងក្តោបក្តាប់សំឡេងភាគច្រើនលើសលប់ នៅក្នុងសភាទាំង២ នៃប្រទេសម៉ិកស៉ិកថែមទៀតផង ក្រោយការបោះឆ្នោត។ លោកស្រី Sheinbaum នឹងក្លាយជាមេដឹកនាំម៉ិកស៉ិកថ្មី បន្តពី​ប្រធានាធិបតីបច្ចុប្បន្នគឺលោក Andres Manuel Lopez Obrador។ នៅម៉ិកស៉ិក ប្រធានាធិបតីអាចកាន់តំណែង បានត្រឹម១អាណត្តិ ប៉ុន្តែមានរយៈពេល៦ឆ្នាំ។ មុនឈរឈ្មោះប្រកួតប្រជែងយក តំណែងប្រធានាធិបតី លោកស្រី Sheinbaum គឺជាអភិបាលនៃរដ្ឋធានីម៉ិកស៉ីកូស៉ីធី។ វាគឺជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្តនៃប្រទេសអាមេរិកឡាទីនមួយនេះ ដែលស្រ្តីបានកាន់តំណែងជា​ប្រធានាធិបតី។