(សេអ៊ូល)៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនាថ្ងៃចន្ទនេះថា កូរ៉េខាងត្បូងគ្រោងនឹងផ្អាកទាំងស្រុងតែម្តង នូវកិច្ចព្រមព្រៀងយោធាមួយ ដែលចុះហត្ថលេខាជាមួយកូរ៉េខាងជើង កាលពីឆ្នាំ២០១៨ ក្រោមគោលដៅបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីទីក្រុងសេអ៊ូល បានព្រមានចាត់វិធានការរឹងមាំ ចំពោះការបង្ហោះបាឡុងផ្ទុកទៅដោយសំរាមពីកូរ៉េខាងជើង ចូលមកក្នុងទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤។
កាលពីសប្តាហ៍កន្លងទៅនេះ កូរ៉េខាងជើង បានបង្ហោះបាឡុងចំនួនរាប់រយបាឡុង ឱ្យឆ្លងព្រំដែនហើយទម្លាក់សំរាម នៅពាសពេញកូរ៉េខាងត្បូង។ ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង បាននិយាយថា ខ្លួននឹងលើកឡើងផែនការ សំដៅផ្អាកទាំងស្រុង នូវកិច្ចព្រមព្រៀងយោធាឆ្នាំ២០១៨ ជាមួយកូរ៉េខាងជើង ដើម្បីឱ្យគណៈរដ្ឋមន្រ្តីពិចារណាអនុម័ត អំលុងកិច្ចប្រជុំនាថ្ងៃអង្គារសប្តាហ៍នេះ។ ក្រុមប្រឹក្សាសន្តិសុខបាននិយាយថា ការផ្អាកកិច្ចព្រមព្រៀងនោះ នឹងបើកផ្លូវឱ្យកូរ៉េខាងត្បូង អាចធ្វើការហ្វឹកហាត់យោធា នៅក្បែរព្រំប្រទល់អន្តរកូរ៉េឡើងវិញ ហើយចាត់វិធានការដែលសមស្របគ្រប់គ្រាន់ និងភ្លាមៗ ដើម្បីឆ្លើយតបចំពោះសកម្មភាពបង្កហេតុរបស់កូរ៉េខាងជើង។ យ៉ាងណាមិញ ទីក្រុងសេអ៊ូលមិនបានរៀបរាប់លម្អិតឡើយថា ចំណាត់ការទាំងនោះអាចជាអ្វីខ្លះ។
គួរបញ្ជាក់ថា ដំបូងឡើយ ទីក្រុងសេអ៊ូលបានផ្អាកត្រឹមផ្នែកខ្លះប៉ុណ្ណោះ នៃកិច្ចព្រមព្រៀងយោធាខាងលើ កាលពីឆ្នាំ២០២៣ បន្ទាប់ពី កូរ៉េខាងជើង បានបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍យោធា ទៅដាក់នៅទីអវកាស។ ដោយឡែក នៅថ្ងៃចន្ទនេះ កូរ៉េខាងជើង ក៏បាននិយាយដែរថា ខ្លួននឹងបញ្ឈប់ការបញ្ជូនបាឡុងផ្ទុកសំរាមចូលក្នុងទឹកដីកូរ៉េខាងត្បូង ដោយអះអាងថាយុទ្ធនាការរបស់ខ្លួន គឺជាវិធានការវាយបកដ៏មានប្រសិទ្ធភាពប្រឆាំងនឹង ការឃោសនារបស់សកម្មជន ប្រឆាំងរបបដឹកនាំលោក គីម ជុងអ៊ុន ក្នុងប្រទេសកូរ៉េខាងត្បូង៕