(គែរ)៖ កិច្ចប្រជុំរវាងក្រុមមន្រ្តីអាមេរិក អ៉ីស្រាអែល និងអេហ្ស៉ីបនៅក្នុងរដ្ឋធានីគែរ បានបញ្ចប់ទៅកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដោយអេហ្ស៉ីបបានទាមទារឱ្យ អ៉ីស្រាអែលត្រូវតែ​ដក​កងទ័ព​ចេញ​ពី​ផ្លូវចេញ-ចូល​ទីក្រុង Rafah ដើម្បី​ឱ្យខ្លួនអាច​ដំណើរការ​ច្រកឆ្លងកាត់នេះឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤។

សន្តិសុខអេហ្ស៉ីពីររូប បាននិយាយថា កិច្ចប្រជុំនោះមានភាពវិជ្ជមាន ទោះបីជាគ្មានកិច្ចព្រមព្រៀងស្តីពីការបើកច្រកឆ្លងកាត់ឡើងវិញក្តី។ គណៈប្រតិភូអេហ្ស៉ីប បាននិយាយ នៅឯកិច្ចប្រជុំថាខ្លួននឹង​បើក​ចំហ​ដល់​ក្រុមអ្នក​ឃ្លាំ​មើល​អឺរ៉ុប​នៅ​ព្រំដែន​ ដើម្បី​ត្រួត​ពិនិត្យលើ​ប្រតិបត្តិការ​របស់​ខ្លួន ដែលប្រតិបត្តិការដោយ​​អាជ្ញាធរ​ប៉ាឡេស្ទីន ប្រសិន​បើ​អាជ្ញាធរ​ប៉ាឡេស្ទីន​ព្រម​ព្រៀងបន្ត​ការងារឡើងវិញ។ ដោយឡែក មន្ត្រី​អ៉ីស្រាអែល និងសហរដ្ឋ​អាមេរិក​​បានបញ្ជាក់ថា ពួក​គេ​នឹង​ធ្វើ​ការ​ឱ្យបានឆាប់​ ដើម្បី​លុប​បំបាត់​ឧបសគ្គ​នៃ​ប្រតិបត្តិការ​ឆ្លង​កាត់ទីក្រុង Rafah។

គួរបញ្ជាក់ថា ភាពតានតឹងរវាងអ៉ីស្រាអែល និងអេហ្ស៉ីបកាន់តែកើនឡើង ជុំវិញការចូលគ្រប់គ្រងរបស់ទាហានអ៉ីស្រាអែល នៅឯច្រកភាគខាងត្បូងនៃតំបន់ហ្កាហ្សាមួយនេះ។ ស្របពេលដែលអេហ្ស៉ីប បានសម្របសម្រួលឱ្យយកជំនួយចូលតាមច្រក Kerem Shalom កាលពីសប្តាហ៍មុន ការបើកដំណើរការច្រក Rafah ឡើងវិញគឺពិតជា មានសារៈសំខាន់ណាស់ និងចំពេលភ្នាក់ងារមនុស្សធម៌ កំពុងព្រមានអំពីគ្រោះទុរ្ភិក្សនៅទីនោះ៕