(ប៉េកាំង)៖ ក្រសួងសន្តិសុខរដ្ឋចិន បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះ ពីការរកឃើញថាសេវាស៉ើបការណ៍សម្ងាត់ MI6 របស់ចក្រភពអង់គ្លេស បានប្រែក្លាយបុគ្គលិកពីរនាក់នៃរដ្ឋាភិបាលចិន ឱ្យទៅជាភ្នាក់ងារចារកម្មសម្រាប់រដ្ឋាភិបាលអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤។
ក្រសួងសន្តិសុខរដ្ឋចិន បានឱ្យដឹងថា ករណីចោទប្រកាន់លើពីរនាក់ប្ដីប្រពន្ធ កំពុងស្ថិតក្រោមការស៉ើបអង្កេតបន្ថែម។ បើតាមសេចក្តីថ្លែងការណ៍ ចារកម្មជាប្ដីរូប នោះមាននាមត្រកូល Wang សិក្សានៅអង់គ្លេសក្នុងឆ្នាំ២០១៥ ក្រោមកម្មវិធីផ្លាស់ប្តូរមួយ ហើយត្រូវបានអញ្ជើញឱ្យចូលរួមអាហារពេលល្ងាច និងដំណើរកម្សាន្ត ដែលរៀបចំដោយ MI6 អំឡុងពេលនោះ។ លោក Wang ត្រូវបានចោទប្រកាន់ថា ចង់បានលុយ ហើយត្រូវបានទាក់ទាញឱ្យចូលធ្វើការជាអ្នកផ្តល់ប្រឹក្សាក្រៅម៉ោង ជាមួយនិងប្រាក់កម្រៃខ្ពស់ មុនពេលបុគ្គលិករបស់ MI6 ទាក់ទងគាត់ធ្វើការឱ្យរដ្ឋាភិបាលអង់គ្លេស ដោយសន្យាផ្តល់ប្រាក់រង្វាន់ច្រើនជាងនេះ ហើយលោកក៏បាន យល់ព្រម។ បន្ទាប់ពីទទួលការបង្ហាត់បង្រៀន MI6 បានបញ្ជាឱ្យលោក Wang ត្រលប់ទៅកាន់ប្រទេសចិន ដើម្បីប្រមូលព័ត៌មានសំខាន់ៗដែល ទាក់ទងនឹងរដ្ឋាភិបាលចិន។
ក្រសួងបានបញ្ជាក់ដែរថាលោក Wang បានបញ្ចុះបញ្ចូលឱ្យប្រពន្ធរបស់លោកមាននាមត្រកូល Zhou ដែលបម្រើការអង្គភាពរបស់រដ្ឋាភិបាលចិនចូលរួមជាមួយ ហើយប្រពន្ធរបស់លោកបានយល់ព្រម។
គួរបញ្ជាក់ថា ចិន និងអង់គ្លេសបានចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញបញ្ហាធ្វើចារកម្មដែលបង្កការគំរាមកំហែងចំពោះសន្តិសុខជាតិរៀងៗខ្លួន។ កាលពីខែមករា ចិនបានបញ្ចេញរបាយការណ៍មួយស្តីពីករណីចារកម្មដោយចោទប្រកាន់ទៅលើភ្នាក់ងារ MI6 នេះថាបានប្រើជនបរទេសម្នាក់ ក្នុងប្រទេសចិន ដើម្បីប្រមូលព័ត៌មាន សម្ងាត់។ ចំណែក អង់គ្លេសវិញ កាលពីខែមេសា កន្លងទៅ បានចោទប្រកាន់មនុស្ស ២នាក់ពីបទផ្តល់ព័ត៌មានរសើបដល់ចិន ហើយកាលពីខែមុន បានចោទប្រកាន់ មនុស្ស ៣នាក់ ពីបទជួយដល់សេវាស៉ើបបការណ៍សម្ងាត់បរទេសរបស់ទីក្រុងហុងកុង៕