(ជីស៉ីនូ)៖ មេដឹកនាំគណបក្សប្រឆាំងដ៏ធំគាំទ្រដោយរុស្ស៉ី នៅក្នុងប្រទេសម៉ុលដាវី បានអំពាវនាវឱ្យមានទំនាក់ទំនងកាន់តែប្រសើរ ជាមួយរុស្ស៉ី និងចិន ហើយបានជំរុញឱ្យក្រុមផ្សេងទៀតចូលរួមជាកម្លាំង ប្រឆាំងនឹងប្រធានាធិបតីគាំទ្រដោយអឺរ៉ុប លោកស្រី Maia Sandu ក្នុងការបោះឆ្នោត ខែតុលាខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤។

លោក Igor Dodon មេដឹកនាំ Socialist party ជាគណបក្សមាននិន្នាការឆ្វេងនិយម និងជាអតីតប្រធានាធិបតី ដែលចាញ់ក្រោមថ្វីដៃលោកស្រី Sandu ក្នុងការបោះឆ្នោតឆ្នាំ២០២០ បាននិយាយថា ម៉ុលដាវី មិនអើពើនឹងសម្ព័ន្ធមិត្តជាប្រពៃណីរបស់ខ្លួនទេ ហើយគោលជំហរគាំទ្រអឺរ៉ុបអាចអូសទាញ ប្រទេសនេះចូលទៅក្នុងជម្លោះ។ លោក Dodon ក៏បានជំរុញឱ្យបក្សប្រឆាំងផ្សេងទៀតរួមគ្នាយកឈ្នះ លោកស្រី Sandu ក្នុងការបោះឆ្នោតជុំទីពីរផងដែរ។

លោក Dodon បានគូសបញ្ជាក់ថា «យើងគួរតែត្រលប់ទៅរកការសន្ទនាធម្មតាឡើងវិញ ជាមួយដៃគូរបស់យើង ដូចជារុស្ស៉ី ចិន ឬប្រទេសដទៃទៀត។ គ្រប់គ្នាគួរតែយល់ថា ម៉ុលដាវី គាំទ្រសន្តិភាព ហើយនឹងមិនអនុញ្ញាតឱ្យខ្លួន ត្រូវបានអូសចូលទៅក្នុងជម្លោះភូមិសាស្ត្រនយោបាយ ដូចអ៊ុយក្រែនឡើយ»

គួរបញ្ជាក់ថា លោកស្រីប្រធានាធិបតី Sandu ចាត់ទុករុស្ស៉ីជាការគំរាមកំហែងដ៏ធំបំផុតមួយសម្រាប់ម៉ុលដាវី ដែលមានទឹកដីជាប់អ៊ុយក្រែន និងរូម៉ានី ហើយបាននិងកំពុងស្នើសុំដើម្បីក្លាយជាសមាជិករបស់សហភាពអឺរ៉ុប (EU)។ ការធ្វើប្រជាមតិលើសមាជិកភាព EU គ្រោងប្រព្រឹត្តទៅទន្ទឹមគ្នានឹង ការបោះឆ្នោតប្រធានាធិបតីម៉ុលដាវី ខណៈការស្ទង់មតិនាពេលថ្មីៗនេះបង្ហាញថា ការពេញចិត្តឱ្យម៉ុលដាវី ក្លាយសមាជិក EU មានប្រហែល ៦០ភាគរយ៕