(អាល្លឺម៉ង់)៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថាសកម្មភាពថ្មីៗនេះរបស់អង្គការ NATO ក្នុងការពង្រឹងព្រំដែនភាគខាងកើតរបស់ខ្លួន គឺមាន គោលដៅកំញើញរុស្ស៉ី ហើយវាក៏ជាការបញ្ជូនសារយ៉ាងច្បាស់ដែរទៅកាន់ទីក្រុងមូស្គូ ថាបក្សសម្ព័ន្ធយោធាមួយនេះត្រៀមលក្ខណៈរួចជាស្រេចដើម្បីការពារ ខ្លួនឯង ក្នុងករណីចាំបាច់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងនៅឯវេទិកាសេដ្ឋកិច្ច Eastern German Economic Forum កាលពីថ្ងៃអាទិត្យ ទី២ ខែមិថុនា ដែលមានការចូលរួមពីនាយករដ្ឋមន្ត្រីលីទុយអានី លោកស្រី Ingrida Simonyte ផងនោះ លោក Scholz បានសង្កត់ធ្ងន់ទៀតថា អាល្លឺម៉ង់បានដើរតួនាទីជាមេដឹកនាំក្នុងការពង្រឹងវត្តមាន NATO នៅក្នុងតំបន់បាល់ទិក ជាប់ព្រំដែនរុស្ស៉ី អស់រយៈពេលជិតមួយទស​វត្សរ៍មកហើយ។ លោកបន្តថាដោយសារតែការគំរាមកំហែងពីរុស្ស៉ីនៅតែបន្តកើតមាន អាល្លឺម៉ង់ និងសម្ព័ន្ធមិត្ត បានសម្រេចចិត្តកាលពីឆ្នាំមុន ដើម្បីដាក់ពង្រាយកងទ័ពបន្ថែមទៅកាន់រដ្ឋក្នុងតំបន់បាល់ទិក ហើយមានគម្រោងដាក់ឱ្យកងពលតូចមួយឈរជើងនៅទីនោះ ជាអចិន្ត្រៃយ៍តែម្ដងនៅពេលអនាគត។

​បើតាមអធិការបតីអាល្លឺម៉ង់រូបនេះ ការផ្លាស់ប្ដូរនៅក្នុងគោលនយោបាយសន្តិសុខសព្វថ្ងៃ គឺជារឿងជាចាំបាច់បង្ហាញរុស្ស៉ីថា NATO ត្រៀមលក្ខណៈជាស្រេច ដើម្បី ការពារទឹកដីរបស់ខ្លួនគ្រប់ចំអាមទាំងអស់ ប្រឆាំងនឹងការវាយប្រហារណាមួយ។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីសប្ដាហ៍មុនបានព្រមាន NATO ពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើអ៊ុយក្រែនអាចប្រើប្រាស់អាវុធផ្ដល់ ដោយលោកខាងលិច វាយប្រហារចូលក្នុងទឹកដីរុស្ស៉ី។ ប៉ុន្តែ ប្រមុខ NATO លោក Jens Stoltenberg បានច្រានចោលការព្រមាននេះដោយនិយាយថាលោកបាន ឮការព្រមានបែបនេះជាច្រើនដងមកហើយ និងថាការការពារខ្លួនមិនមែនជាការបង្កើនជម្លោះកាន់តែធំនោះទេ៕