(ម៉ានីល)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយប្រធានាធិបតីហ្វីលីពីន លោក Marcos Jr នៅឯវិមានប្រធានាធិបតី ក្នុងទីក្រុងម៉ានីល នៅថ្ងៃចន្ទ ទី៣ ខែមិថុនានេះ។ នេះបើតាមការបញ្ជាក់ពីការិយាល័យប្រធានាធិបតីហ្វីលីពីន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Zelenskiy បានធ្វើដំណើរទៅកាន់ទីក្រុងម៉ានីល បន្ទាប់ពីលោកធ្វើទស្សនកិច្ចនៅក្នុងប្រទេសសិង្ហបុរី ជាទីដែលលោកបានចូលរួមក្នុងវេទិកាសន្តិសុខ Shangri-La Dialogue ក្នុងដំណើរទស្សនកិច្ចលើកទី២ របស់លោក មកកាន់តំបន់អាស៊ី ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។

នៅឯវេទិកាសន្តិសុខ Shangri-La Dialogue លោក Zelenskiy បានថ្លែងសុន្ទរកថាជាមួយការស្នើសុំការគាំទ្រ និងជំរុញឱ្យបណ្ដាប្រទេសនានាចូលរួមក្នុង កិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន​ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងប្រទេសស្វីស ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនានេះ។ រុស្ស៉ីមិនត្រូវបានអញ្ជើញឱ្យចូលរួម នោះទេ រីឯចិនវិញបានបញ្ជាក់ថាខ្លួនក៏នឹងមិនចូលរួមដែរ ខណៈប្រធានាធិបតីអ៊ុយក្រែនរូបនេះក៏បានជំរុញឱ្យលោកប្រធានាធិបតី ចូ បៃដិន ចូលរួមផងដែរ។

ប៉ុន្តែខាងទីក្រុងវ៉ាស៊ីនតោន មិនទាន់ទទួលស្គាល់ថាតើនរណានឹងត្រូវចូលរួមក្នុងកិច្ចប្រជុំនេះទេ៕