(សេអ៊ូល)៖ សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានឯកភាពធ្វើសមយុទ្ធយោធារួមគ្នាថ្មីមួយនៅរដូវក្តៅនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមមួយរបស់ក្រសួងការពារជាតិអាមេរិក បន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបី ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤។

លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Minoru Kihara រដ្ឋមន្ត្រីការពារជាតិជប៉ុន និងលោក Shin Won-sik ជារដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បានជួបប្រជុំគ្នាកាលពីថ្ងៃអាទិត្យ នៅក្រៅកិច្ចប្រជុំកំពូលសន្តិសុខ Shangri-La Dialogue ប្រចាំឆ្នាំ នៅប្រទេសសិង្ហបុរី។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ប្រទេសទាំងបី «ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគី ដើម្បីធានាសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ ឥណ្ឌូប៉ាស៊ីហ្វិក និងលើសពីនេះ»

ភាគីទាំងបីក៏បានឯកភាពបង្កើតក្របខណ្ឌសហប្រតិបត្តិការសន្តិសុខត្រីភាគីនៅឆ្នាំនេះ ក្នុងគោលបំណងធ្វើឱ្យកិច្ចសហប្រតិបត្តិការការពារជាតិបីភាគីរបស់ពួកគេ មានលក្ខណៈជាផ្លូវការផងដែរ។

ទន្ធឹមគ្នានេះ មន្ត្រីការពារជាតិជាន់ខ្ពស់នៃប្រទេសទាំងបី បានរិះគន់ការបាញ់មីស៊ីលបាលីស្ទីកថ្មីៗ និងផ្កាយរណបចារកម្មយោធារបស់កូរ៉េខាងជើង ដោយលើកឡើងថា វាជាការរំលោភលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕