(ឈីកាហ្គោ)៖ ការបាញ់ប្រហារមួយកាលពីយប់មិញ បានសម្លាប់មនុស្សម្នាក់ និងបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៦នាក់ផ្សេងទៀតរងរបួស នៅទីក្រុងអាក្រុន ក្នុងរដ្ឋអូហៃអូ សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤។

ការបាញ់ប្រហារនេះ ដែលបានកើតឡើងបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ថ្ងៃទី១ មិថុនា (ម៉ោងក្នុងតំបន់) បានសម្លាប់បុរសអាយុ ២៧ឆ្នាំម្នាក់ និងបណ្តាលឲ្យមនុស្ស ២៦នាក់ផ្សេងទៀតរងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។

កម្លាំងប៉ូលីសបានរកឃើញកាំភ្លើងខ្លីមួយដើម និងសំបកគ្រាប់ជាច្រើននៅកន្លែងកើតហេតុ។

ប៉ូលីសបាននិយាយថា មកទល់ពេលនេះ មិនទាន់មានការចាប់ខ្លួនជនសង្ស័យណាមួយនៅឡើយទេ ហើយមូលហេតុនៃការបាញ់ប្រហារនេះ ក៏នៅមិនទាន់ដឹងច្បាស់នៅឡើយដែរ។

គួរជម្រាបថា យោងតាមគេហទំព័រ Gun Violence Archive ដែលធ្វើការកត់ត្រារាល់ឧប្បត្តិហេតុនៃអំពើហិង្សាដោយកាំភ្លើងនៅក្នុងសហរដ្ឋអាមេរិក បានឲ្យដឹងថា មានការបាញ់ប្រហារទ្រង់ទ្រាយធំជាង ១៨០ករណី បានកើតឡើងនៅក្នុងសហរដ្ឋអាមេរិក គិតត្រឹមឆ្នាំ២០២៤នេះ៕