(តាល់អាវីវ)៖ ជំនួយការរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលបានទទួលយកកិច្ចព្រមព្រៀងក្របខ័ណ្ឌ ដែលស្នើឡើងដោយប្រធានាធិបតីអាមេរិក Joe Biden ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា ទោះបីជាបានពិពណ៌នាវាថាជា «កិច្ចព្រមព្រៀងមិនល្អ» និងចាំបាច់ត្រូវការកែលម្អបន្ថែមទៀតក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Sunday Times លោក Ophir Falk ប្រធានទីប្រឹក្សាគោលនយោបាយការបរទេសរបស់នាយករដ្ឋមន្ត្រី Netanyahu បានទទួលស្គាល់ថា អ៊ីស្រាអែលបានយល់ព្រមចំពោះផែនការបីដំណាក់កាល របស់ប្រធានាធិបតី Biden ដើម្បីបញ្ចប់សង្រ្គាមហ្គាហ្សា ទោះបីជាវាមិនសមស្របក៏ដោយ ដោយបានគូសបញ្ជាក់ថា គោលដៅសំខាន់គឺធានាការដោះលែងចំណាប់ខ្មាំងទាំងអស់ ដែលកាន់កាប់ដោយក្រុមហាម៉ាស។

លោកបានសង្កត់ធ្ងន់ថា លក្ខខណ្ឌរបស់អ៊ីស្រាអែល ដែលរួមមានការដោះលែងចំណាប់ខ្មាំង និងការបំផ្លិចបំផ្លាញក្រុមហាម៉ាស ជាអង្គការភេរវករប្រល័យពូជសាសន៍ នៅតែមិនផ្លាស់ប្តូរ ហើយព័ត៌មានលម្អិតជាច្រើននៃផែនការនេះ នៅតែត្រូវដោះស្រាយ។

ផែនការនេះប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងពីរដ្ឋមន្ត្រីស្តាំនិយមអ៊ីស្រាអែលមួយចំនួន ដែលបានគម្រាមថា នឹងចាកចេញពីរដ្ឋាភិបាល ប្រសិនបើលោក Netanyahu ទទួលយកកិច្ចព្រមព្រៀងដោយមិនបំផ្លាញក្រុមហាម៉ាស់ជាមុន។

ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog គាំទ្រកិច្ចព្រមព្រៀងនេះ ហើយបានថ្លែងអំណរគុណដល់លោក Biden សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការដោះលែងចំណាប់ខ្មាំង។ លោកបានធានាដល់លោក Netanyahu នូវការគាំទ្រយ៉ាងពេញទំហឹងរបស់លោក ចំពោះកិច្ចព្រមព្រៀងណាមួយដែលសម្រេចបាននូវគោលដៅនេះ។

គួរជម្រាបថា កាលពីថ្ងៃទី ៣១ ខែឧសភា ប្រធានាធិបតីអាមេរិក លោក Biden បានប្រកាសថា អ៊ីស្រាអែលបានស្នើកិច្ចព្រមព្រៀងមួយដល់ក្រុមហាម៉ាស់ ដែលរួមមានបទឈប់បាញ់រយៈពេល ៦សប្តាហ៍ជាមួយនឹងការដកទ័ពអ៊ីស្រាអែលដោយផ្នែក និងការដោះលែងចំណាប់ខ្មាំងមួយចំនួនក្នុងគោលបំណង «បញ្ឈប់អរិភាពជាអចិន្ត្រៃយ៍»។

សារព័ត៌មាន Associated Press បានរាយការណ៍ថា លោក Netanyahu កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើង បន្ទាប់ពីសំណើបទឈប់បាញ់បីដំណាក់កាលរបស់លោក Biden។ ដំណាក់កាលទាំងបីនោះគឺ៖ ទី១ រួមមានបទឈប់បាញ់ពេញលេញ ការដកកងកម្លាំងអ៊ីស្រាអែលចេញពីតំបន់ ដែលមានប្រជាជនរស់នៅច្រើននៅតំបន់ហ្គាហ្សា។ ហើយចំណាប់ខ្មាំង រួមទាំងស្ត្រី មនុស្សចាស់ និងអ្នករបួស នឹងត្រូវបានដោះលែងដោយក្រុមហាម៉ាស ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់។

ក្នុងដំណាក់កាលទីពីរ ចំណាប់ខ្មាំងដែលនៅសេសសល់ រួមទាំងទាហានប្រុស នឹងត្រូវដោះលែង ហើយកងកម្លាំងអ៊ីស្រាអែលនឹងដកខ្លួនចេញពីតំបន់ហ្គាហ្សាទាំងស្រុង។ ចំណែកដំណាក់កាលទីបី គឺផ្តោតលើកិច្ចខិតខំប្រឹងប្រែងកសាងតំបន់ហ្គាហ្សាឡើងវិញ បន្ទាប់ពីការបំផ្លិចបំផ្លាញដែលបណ្តាលមកពីសង្រ្គាម៕