(កូឡុំបូ)៖ ទឹកជំនន់ ការបាក់ដី និងដើមឈើរលំបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤នាក់ នៅក្នុងប្រទេសស្រីលង្កា ខណៈប្រទេសនេះកំពុងរងការវាយប្រហារដោយព្យុះមូសុង។ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេស ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០២ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងចំណោមជនរងគ្រោះ មានអ្នកខ្លះបានលង់ទឹកស្លាប់ រួមទាំងសមាជិកគ្រួសារ ៣នាក់ ដែលត្រូវទឹកគួចយកទៅបាត់ នៅក្បែររដ្ឋធានីកូឡុំបូ នៅថ្ងៃអាទិត្យនេះ។ ចំណែកឯអ្នកខ្លះទៀតត្រូវបានកប់ទាំងរស់នៅក្នុងបំណាក់ដី រួមទាំងក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ និងបុរសអាយុ ២០ឆ្នាំផងដែរម្នាក់។ ចំណែកឯ មនុស្ស ៩នាក់ផ្សេងទៀតត្រូវបានសង្កត់ និងស្លាប់នៅពេលដើមឈើរលំបាក់លើពួកគេ នៅក្នុងស្រុកចំនួន ៧ ចាប់តាំងពីព្យុះមូសុងបោកបក់កាន់តែខ្លាំងឡើងចាប់ពីថ្ងៃទី ២១ឧសភាមក។

ទឹកជំនន់បានបង្កផលប៉ះពាល់ដល់ស្រុកចំនួន ២០ ក្នុងចំណោម ២៥ស្រុក និងបានជន់លិចផ្លូវហាយវេសំខាន់ៗមួយចំនួន។ ជើងហោះហើរដែលមកដល់អាកាសយានដ្ឋានអន្តរជាតិធំរបស់កូឡុំបូ ត្រូវបានបង្វែរទិសដៅទៅអាកាសយានដ្ឋានតូចជំនួយ។ ហើយរដ្ឋាភិបាលក៏បានបញ្ជាឱ្យសាលារៀនទាំងអស់បិទទ្វាចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយ ដោយសារមានការព្យាករណ៍ថានឹងមានភ្លៀងធ្លាក់បន្ថែមទៀត។

កាលពីសប្តាហ៍មុន អាជ្ញាធរសត្វព្រៃបានរកឃើញគ្រោងឆ្អឹងដំរី ៧ ក្បាលដែលលង់ទឹកស្លាប់ ដែលជាការបាត់បង់ដំរីដ៏ធំបំផុតក្នុងរយៈពេល ៥ ឆ្នាំ៕