(សិង្ហបុរី)៖ នៅថ្ងៃអាទិត្យនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ចិនកំពុងខិតខំយ៉ាងខ្លាំង ដើម្បីរារាំង​ប្រទេសដទៃទៀត ចូលរួមកិច្ចប្រជុំស្តីពីសន្តិភាពអ៊ុយក្រែន ដែលទីក្រុងប៉េកាំងបានចេញមុខរិះគន់ជាចំហ ដោយសារតែរុស្ស៉ីមិនត្រូវបាន​អញ្ជើញឱ្យចូលរួម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០២៤។

ថ្លែងប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅក្រៅវេទិកាសន្តិសុខអាស៉ី Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី លោក ហ្សេលេនស្គី បានលើកឡើងដូច្នេះថា «គួរឱ្យសោកស្តាយ ដែលនាពេលនេះ ចិនកំពុងតែព្យាយាមយ៉ាងខ្លាំង ដើម្បីរារាំងមិនឱ្យប្រទេសដទៃទៀត ចូលរួម​កិច្ចប្រជុំសន្តិភាព»។ មុនការលើកឡើងដូចខាងលើ លោក ហ្សេលេនស្គី ក្នុងថ្ងៃដដែលនេះ បានបង្ហាញនូវក្តីខកបំណង ដែលមេដឹកនាំពិភពលោក​មួយចំនួន បានសម្រេចចិត្តមិនចូលរួម កិច្ចប្រជុំសន្តិភាពនោះ ក្រោយចិនបានឱ្យសញ្ញាថា ប្រធានាធិបតី លោក ស៉ី ជីនពីង នឹងមិនចូលរួមឡើយ ហើយលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ក៏មិនទាន់បានប្តេជ្ញាថា នឹងទៅចូលរួមដែរ។

គួរបញ្ជាក់ថា អ៊ុយក្រែនកំពុងខ្នះខ្នែងចង់ឱ្យមានការចូលរួមឱ្យផុសផុល ក្នុងកិច្ចប្រជុំកំពូលមួយ ស្តីពីសន្តិភាពនៅអ៊ុយក្រែន ដែលគ្រោង​រៀបចំឡើងនៅឯប្រទេសស្វីស អំឡុងពាក់កណ្តាលខែមិថុនានេះ ជាទីដែលខ្លួនសង្ឃឹមថា នឹងអាចទទួលបានការគាំទ្រយ៉ាងទូលំទូលាយ ពីសំណាក់សហគមន៍អន្តរជាតិ ចំពោះចក្ខុវិស័យរបស់ខ្លួននៃលក្ខខណ្ឌ ដែលចាំបាច់ដើម្បីបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ លោក ហ្សេលេនស្គី បានអះអាងថា ប្រទេសនិងស្ថាប័នជាង១០០ បានចុះឈ្មោះចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន ហើយលោកបានទទូចឱ្យប្រជាជាតិនៅក្នុង​តំបន់អាស៉ី-ប៉ាស៉ីហ្វិក ចូលរួមដែរ៕