(ប៉េកាំង)៖ កាលពីថ្ងៃទី៣០ ខែឧសភា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០ នៃវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់បានចេញផ្សាយ《សេចក្តីថ្លែងការណ៍រួមរវាងចិននិងអារ៉ាប់ស្ដីពីបញ្ហាប៉ាឡេស្ទីន》 ដោយបញ្ចេញសំឡេងយុត្តិធម៌ ដែលជំរុញការបញ្ចប់ការប៉ះទង្គិចនៅតំបន់កាហ្សាក្នុងពេលឆាប់ៗ និងជំរុញដំណោះស្រាយបញ្ហាប៉ាឡេស្ទីនដោយគ្រប់ជ្រុងជ្រោយ ប្រកបដោយភាពយុត្តិធម៌និងយូរអង្វែង។

“សង្រ្គាមមិនត្រូវអូសបន្លាយដោយគ្មានពេលកំណត់ទេ ភាពសច្ចយុត្តិធម៌ត្រូវតែស្ថិតមាន ហើយដំណោះស្រាយរដ្ឋពីរ ក៏កាន់តែមិនត្រូវរង្គោះរង្គើតាមទំនើងចិត្តដែរ។” ការបង្ហាញឥរិយាបថរបស់លោកប្រធានរដ្ឋចិន Xi Jinping ក្នុងសុន្ទរកថាគន្លឹះក្នុងពិធីបើកកិច្ចប្រជុំលើកនេះ បាននាំឱ្យមានប្រតិកម្មដូចគ្នាយ៉ាងទូលំទូលាយ។

ក្នុងសេចក្តីថ្លែងការណ៍រួម ដែលកិច្ចប្រជុំលើកនេះបានអនុម័ត ភាគីទាំងពីរបានថ្កោលទោសចំពោះ ការរំលោភបំពាន ជាបន្តបន្ទាប់របស់អ៊ីស្រាអែល ទៅលើប្រជាជនប៉ាឡេស្ទីន ទាមទារឱ្យក្រុមប្រឹក្សាសន្តិសុខ ដាក់ចេញសេចក្តីសម្រេចចិត្ត ដែលមានកម្លាំងរឹតត្បិត ដើម្បីសម្រេចបាននូវការឈប់បាញ់គ្នាដោយគ្រប់ជ្រុងជ្រោយនិងជានិរន្តរភាពភ្លាមៗ បញ្ឈប់ការជម្លៀស ប្រជាជនប៉ាឡេស្ទីនដោយបង្ខំ ក៏ដូចជាធានាឱ្យសម្ភារៈជួយសង្គ្រោះ ត្រូវបានដឹកជញ្ជូនទៅដល់តំបន់កាហ្សាទាំងមូល។ ភាគីទាំងពីរ បានរំលឹកឡើងវិញថា “ដំណោះស្រាយរដ្ឋពីរ” ជាច្រកចេញជាក់ស្តែងតែមួយគត់ សម្រាប់ដោះស្រាយបញ្ហាប៉ាឡេស្ទីន ។ នេះបានបង្ហាញពីគំនិតឯកភាពរួមជាទូទៅ របស់សហគមន៍អន្តរជាតិ។

បើមើលពីពេលថ្មីៗកន្លងទៅនេះ ភារកិច្ចបន្ទាន់បំផុតគឺអនុវត្តជាក់ស្តែង នូវសេចក្តីសម្រេចចិត្តឈប់បាញ់គ្នា ដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័ត ដើម្បីសម្រេចបាននូវការឈប់បាញ់គ្នាភ្លាមៗ រវាងភាគីទាំងពីរប៉ាឡេស្ទីន និងអ៊ីស្រាអែល ផ្តោតសំខាន់ទៅលើការបន្ធូរបន្ថយវិបត្តិមនុស្សធម៌ ព្រមទាំងបង្ការកុំឱ្យការប៉ះទង្គិចរីករាលដាលទៅខាងក្រៅ និងធ្វើឱ្យប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពនៃមជ្ឈិមបូព៌ា ។ បើមើលពីរយៈពេលវែងឆ្ងាយ ភាគីចិនអំពាវនាវឱ្យសហគមន៍អន្តរជាតិ ខិតខំប្រឹងប្រែងជាមួយគ្នា ដើម្បីបង្កើតប្រទេសប៉ាឡេស្ទីនដ៏ឯករាជ្យ ដែលមានអធិបតេយ្យភាពពេញលេញដោយចាត់ទុក ខ្សែបន្ទាត់ព្រំដែននៅឆ្នាំ១៩៦៧ ជាមូលដ្ឋាន និងក្រុងហ្សេរុយហ្សាឡិមខាងកើត ជារដ្ឋធានីក្នុងពេលឆាប់ៗ។ មានតែសម្រេចបាននូវ “ដំណោះស្រាយរដ្ឋពីរ” ដ៏ពិតប្រាកដ នោះ សេចក្តីប្រាថ្នារបស់ប្រជាជនប៉ាឡេស្ទីនទើបអាចសម្រេចបាន សន្តិសុខរបស់អ៊ីស្រាអែល ទើបអាចទទួលបានការធានាជាមូលដ្ឋាន ហើយតំបន់មជ្ឈិមបូព៌ាទើបអាចសម្រេចបាន នូវសន្តិភាពដ៏ពិតប្រាកដ។

អ្វីដែលគួរតែលើកឡើងនោះគឺ អស់កាលជាយូរមកហើយ បញ្ហាប៉ាឡេស្ទីននៅតែមិនបានដោះស្រាយ គឺមានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយការរារាំង និងបំផ្លិចបំផ្លាញរបស់ប្រទេសប៉ែកខាងលិចមួយចំនួនតូច ដូចជាសហរដ្ឋអាមេរិកជាដើម ។ ដោយមកពីតម្រូវការខាងនយោបាយក្នុងស្រុក និងការគិតពិចារណាពីយុទ្ធសាស្ត្រសកល ភាគីអាមេរិកលំអៀង ទៅគាំទ្រអ៊ីស្រាអែល ដែលបដិសេធជាច្រើនលើកនូវសេចក្តីព្រាងច្បាប់ នៃសេចក្តីសម្រេចចិត្តស្តីពីការឈប់បាញ់គ្នារវាង ប៉ាឡេស្ទីននិងអ៊ីស្រាអែល នៃក្រុមប្រឹក្សាសន្តិសុខ ហើយផ្តល់ជំនួយយោធាជាច្រើនដល់ភាគីអ៊ីស្រាអែល ដែលបណ្តាលឱ្យដំណើរសន្តិភាពមជ្ឈិមបូព៌ា ប្រាសចាសពីមាគ៌ាដ៏ត្រឹមត្រូវ ។

បច្ចុប្បន្ននេះ ស្ថានការណ៍តំបន់កាហ្សាមានភាពអាប់អួខ្លាំងណាស់ ស្នូរសំរែកគាំទ្រប៉ាឡេស្ទីននិងទាមទារឱ្យឈប់បាញ់គ្នា នៃសហគមន៍អន្តរជាតិកាន់តែលាន់ឮខ្ទរខ្ទាពីមួយថ្ងៃទៅមួយថ្ងៃ ។ នៅដើមខែឧសភា កិច្ចប្រជុំវិសាមញ្ញជាបន្ទាន់នៃមហាសន្និបាត អង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្ត ដោយសំឡេងគាំទ្រយ៉ាងច្រើនលើសលប់ ដោយរំលឹកឡើងវិញថា ប្រជាជនប៉ាឡេស្ទីនមានសិទ្ធិសម្រេច ដោយខ្លួនឯងដែលបូករួមទាំងការបង្កើតប្រទេសដោយឯករាជ្យ ហើយស្នើឱ្យក្រុមប្រឹក្សាសន្តិសុខ ពិនិត្យពិភាក្សាជាថ្មីឡើងវិញ នូវសេចក្តីស្នើសុំចូលជាសមាជិកអង្គការសហប្រជាជាតិរបស់ប៉ាឡេស្ទីន ។ បច្ចុប្បន្ននេះ ប្រទេសចំនួនបីគឺ ន័រវែស អៀរឡង់និងអេស្ប៉ាញបានប្រកាសទទួលស្គាល់ ប្រទេសប៉ាឡេស្ទីនជាបន្តបន្ទាប់ គិតមកទល់បច្ចុប្បន្ននេះ មានប្រទេសជិត១៥០ លើពិភពលោកបានទទួលស្គាល់ប្រទេសប៉ាឡេស្ទីនហើយ។ នេះបានបង្ហាញពីបំណងរួមនិងភាពសច្ចយុត្តិធម៌នៃសហគមន៍អន្តរជាតិ។

ក្នុងនាមជាប្រទេសធំដែលទទួលខុសត្រូវ ប្រទេសចិននឹងបន្តឈរនៅជាមួយប្រទេសអារ៉ាប់យ៉ាងមុតមាំ ប្រកាន់ខ្ជាប់ភាពសច្ចយុត្តិធម៌ ដើម្បីជំរុញការឈប់បាញ់គ្នា ដោយគ្មានលក្ខខណ្ឌជាបន្ទាន់រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលក្នុងពេលឆាប់ៗ ជំរុញដំណោះស្រាយបញ្ហាប៉ាឡេស្ទីន ដោយគ្រប់ជ្រុងជ្រោយ ប្រកបដោយភាពយុត្តិធម៌និងយូរអង្វែងក្នុងពេលឆាប់ៗ ក៏ដូចជានាំឱ្យមជ្ឈិមបូព៌ាដែលរងផលប៉ះពាល់ ពីសង្គ្រាមរ៉ាំរ៉ៃទទួលបានសន្តិភាពដ៏ពិតប្រាកដ៕

វិទ្យុមិត្តភាពកម្ពុជាចិន