(សេអ៊ូល)៖ ទីក្រុងសេអ៊ូលនៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថា កូរ៉េខាងជើងបានបង្ហោះបាឡុងប្រមាណ ៦០០បាឡុងថែមទៀត ដែលផ្ទុកទៅដោយសំរាម ឆ្លងព្រំដែនចូលមកកាន់កូរ៉េខាងត្បូង កាលពីវេលាយប់កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០២៤។
យោធាកូរ៉េខាងត្បូង បានប្រាប់ថា បាឡុងរាប់រយខាងលើ ដែលផ្ទុកសំរាមផ្សេងៗ ដូចជាកន្ទុយបារី ខោអាវចាស់ៗ សំណល់ក្រដាស និងប្លាស្ទិក ជាដើម ត្រូវបានប្រទះឃើញ នៅពាសពេញរដ្ឋធានីសេអ៊ូល ចាប់តាំងពីចន្លោះម៉ោង ៨យប់ថ្ងៃសៅរ៍ មកដល់ម៉ោង១០ព្រឹកថ្ងៃអាទិត្យនេះ។ កាលពីថ្ងៃពុធសប្តាហ៍នេះ កូរ៉េខាងជើងក៏បានបញ្ជូនបាឡុងក្នុងចំនួនរាប់រយដូចគ្នា ដែលផ្ទុកសំរាមព្រមទាំងលាមក ឱ្យឆ្លងព្រំប្រទល់ចូលមកខាងកូរ៉េខាងត្បូង ផងដែរ។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Yonhap គណៈកម្មាធិការអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង នឹងជួបប្រជុំនារសៀលថ្ងៃអាទិត្យនេះ ដើម្បីពិភាក្សាថា តើគួរតែបន្តការប្រើប្រាស់ឧបករណ៍បំពងសំឡេង បាញ់ជះដាក់ទៅកូរ៉េខាងជើងឡើងវិញ ដែរឬក៏យ៉ាងណា ដើម្បីឆ្លើយតបចំពោះសកម្មភាពបង្ហោះបាឡុងសំរាមទាំងនេះ។ កូរ៉េខាងត្បូង បានបញ្ឈប់យុទ្ធនាការឃោសនា ដោយប្រើឧបករណ៍បំពងសំឡេងបែបនោះ នៅព្រំប្រទល់អន្តរកូរ៉េ កាលពីឆ្នាំ២០១៨ ក្រោយមានជំនួបកំពូលដ៏កម្រ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន៕