(សិង្ហបុរី)៖ កាលពីយប់ថ្ងៃសៅរ៍ និងព្រឹកថ្ងៃអាទិត្យនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជួបជាមួយប្រមុខរដ្ឋ និង​តំណាងរាស្រ្តនៃប្រទេសមួយចំនួន នៅសិង្ហបុរី ក្រោមគោលដៅស្វែងរកជំនួយសន្តិសុខបន្ថែម ព្រមទាំងការគាំទ្រសម្រាប់កិច្ចប្រជុំសន្តិភាព ក្នុងឱកាសដែលរូបលោកទៅចូលរួមវេទិកាសន្តិសុខ Shangri-La Dialogue ដែលរៀបចំឡើងនៅបុរីរដ្ឋមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០២៤។

លោក ហ្សេលេនស្គី បានឱ្យដឹងថា រូបលោកបានជួបជាមួយ មេដឹកនាំជាប់ឆ្នោតឥណ្ឌូណេស៉ី លោក Prabowo Subianto, ប្រតិភូមកពី​សភាសហរដ្ឋអាមេរិក និងប្រធានាធិបតីទីម័រខាងកើត លោក Jose Ramos-Horta។ លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា «វាជារឿងសំខាន់ខ្លាំងណាស់ ដើម្បីឱ្យយើងចាប់ផ្តើមនីតិវិធី សំដៅស្តារសន្តិភាពដែលយុត្តិធម៌មួយ។ រុស្ស៉ីមិនចង់បញ្ចប់សង្រ្គាមនោះទេ។ ដូច្នេះហើយ ពួកយើងចាំបាច់ត្រូវធ្វើការរួមគ្នា ជាមួយពិភពលោកទាំងមូល ដើម្បីឆ្ពោះទៅរកសន្តិភាព»

បើតាមលោក ហ្សេលេនស្គី លោក Ramos-Horta បានយល់ព្រមចូលរួម កិច្ចប្រជុំកំពូលស្តីពីសន្តិភាពអ៊ុយក្រែន ដែលគ្រោងធ្វើឡើងនៅ​ប្រទេសស្វីស អំឡុងពាក់កណ្តាលខែមិថុនានេះ។ លោក ហ្សេលេនស្គី និងរដ្ឋមន្រ្តីការពារជាតិរបស់លោក គឺលោក Rustem Umerov ក៏នឹងជួបផងដែ រជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin នាថ្ងៃអាទិត្យនេះ នៅក្រៅវេទិកា Shangri-La Dialogue ដើម្បីជជែកអំពីស្ថានការណ៍សមរភូមិ នៅអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ លោក ហ្សេលេនស្គី នឹងត្រូវឡើងថ្លែងសុន្ទរកថា ទៅកាន់វេទិកានេះផ្ទាល់។

គួរបញ្ជាក់ថា វេទិកាសន្តិសុខ Shangri-La Dialogue ដែលរៀបចំដោយវិទ្យាស្ថាន International Institute of Strategic Studies មានមូលដ្ឋាននៅទីក្រុងឡុងដ៍ នឹងត្រូវបិទបញ្ចប់ទៅវិញនាថ្ងៃអាទិត្យ ក្រោយចាប់ផ្តើមកាលពីថ្ងៃទី៣១ ខែឧសភា។ រុស្ស៉ីមិនបាន​មកចូលរួមកិច្ចប្រជុំនេះទៀតឡើយ ចាប់តាំងពីខ្លួនបានធ្វើការឈ្លានពានលើអ៊ុយក្រែន កាលពីឆ្នាំ២០២២មក៕