(សិង្ហបុរី)៖ នៅថ្ងៃអាទិត្យនេះ រដ្ឋមន្រ្តីការពារជាតិចិន លោក Dong Jun បាននិយាយថា លទ្ធភាពនៃការបង្រួបបង្រួមគ្នាវិញដោយសន្តិវិធីជាមួយតៃវ៉ាន់ កំពុងតែរងការសឹករេចរឹលកាន់តែខ្លាំងឡើងៗ ដោយចលនាចង់បំបែករដ្ឋ នៅតៃវ៉ាន់ផ្ទាល់ ហើយនិងកម្លាំងពីខាងក្រៅ ខណៈរូបលោកបានប្តេជ្ញាថា នឹងធានាមិនឱ្យឯករាជ្យអាចកើតមានឡើងទៅបាន សម្រាប់ដែនកោះនេះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០២៤។
ថ្លែងក្នុងសន្និសីទសន្តិសុខ Shangri-La Dialogue នៅប្រទេសសិង្ហបុរី លោក Dong បាននិយាយថា តៃវ៉ាន់គឺជាចំណុចស្នូលបំផុត នៃបញ្ហាស្នូលនានាសម្រាប់ប្រទេសចិន ប៉ុន្តែគណបក្សកាន់អំណាច DPP នៃកោះតៃវ៉ាន់ កំពុងតែធ្វើសកម្មភាពបំបែករដ្ឋកាន់តែខ្លាំងឡើង ហើយងប់ងល់ជាមួយគំនិតចង់លុបបំបាត់ចោល នូវអត្តសញ្ញាណចិនរបស់ខ្លួន។ លោក Dong បានបន្ថែមថា ស្របពេលដែលចិន ប្តេជ្ញាចង់បង្រួបបង្រួមគ្នាវិញជាមួយតៃវ៉ាន់ ដោយសន្តិវិធីក៏ដោយ យោធាចិននឹងនៅតែជាកម្លាំងដ៏រឹងមាំមួយ ដើម្បីរក្សាការពារគោលដៅបង្រួបបង្រួមជាតិ។
លោកប្រមុខការពារជាតិចិន បានសង្កត់ធ្ងន់ដូច្នេះថា «យើងនឹងចាត់វិធានការម៉ឺងម៉ាត់ជាទីបំផុត ដើម្បីទប់ទល់ការចង់បានឯករាជ្យឱ្យតៃវ៉ាន់ ហើយនឹងធានាឱ្យបានថា ផែនការបែបនោះ នឹងគ្មានថ្ងៃទទួលជោគជ័យឡើយ។ ពួកយើង មានភាពជឿជាក់ខ្ពស់ លើសមត្ថភាពខ្លួន ដើម្បីទប់ស្កាត់ចលនាឯករាជ្យតៃវ៉ាន់»។ លោក Dong ក៏បានចោទប្រកាន់ក្រុមប្រទេសមហាអំណាច អំពីការជ្រែកជ្រែកបញ្ហាផ្ទៃក្នុង និងការលើកទឹកចិត្តដល់ចលនាបំបែករដ្ឋតៃវ៉ាន់ ផងដែរ។ ពាក់ព័ន្ធការលក់អាវុធរបស់សហរដ្ឋអាមេរិកឱ្យតៃវ៉ាន់ លោក Dong បានហៅវាថា គឺជាការធ្វើតេស្តមួយ ចំពោះខ្សែបន្ទាត់ក្រហមរបស់ចិន។
គួរបញ្ជាក់ថា ចិនចាត់ទុកតៃវ៉ាន់គឺជាផ្នែកមិនអាចកាត់ផ្តាច់បានឡើយ នៃទឹកដីរបស់ខ្លួន បើទោះបីជាទីក្រុងតៃប៉ិ បដិសេធយ៉ាងណាក៏ដោយ ហើយកាលពីខែឧសភាកន្លងទៅ ទីក្រុងប៉េកាំងបានធ្វើសមយុទ្ធយោធា ឡោមព័ទ្ធដែនកោះនេះ ក្រោយការស្បថចូលកាន់តំណែងរបស់ លោក Lai Ching-te ជាមេដឹកនាំតៃវ៉ាន់ថ្មី ដែលចិនហៅថា ជាបុគ្គលមាននិន្នាការចង់បំបែករដ្ឋដ៏គ្រោះថ្នាក់ម្នាក់៕