(ហ៊្សេរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅថ្ងៃសៅរ៍ថា នឹងមិនមានបទឈប់បាញ់ជាអចិន្រ្តៃយ៍នៅតំបន់ហ្កាហ្សាឡើយ រហូតទាល់តែសមត្ថភាពយោធា និងរបបគ្រប់គ្រងរបស់ក្រុមហាម៉ាសត្រូវបានលុបបំបាត់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១ ខែមិថុនា ឆ្នាំ ២០២៤។

លោក Netanyahu បានបញ្ជាក់ថា លក្ខខណ្ឌរបស់អ៉ីស្រាអែលសម្រាប់ការបញ្ចប់សង្រ្គាមមិនផ្លាស់ប្តូរទេ នោះគឺការបំផ្លាញសមត្ថភាពយោធា និងរបបគ្រប់គ្រងរបស់ហាម៉ា ការដោះលែងចំណាប់ខ្មាំងទាំងអស់ ហើយធានាថាតំបន់ហ្កាហ្សាលែងជាការគំរាមកំហែង ចំពោះអ៉ីស្រាអែលទៀត»។ លោក Netanyahu បានបន្ថែមថា «អ៉ីស្រាអែល នឹងបន្តទទូចឱ្យលក្ខខណ្ឌទាំងនេះត្រូវបានបំពេញ មុនពេលបទឈប់បាញ់ជាអចិន្ត្រៃយ៍មួយដំណើការឡើង។ ចំពោះគំនិតដែលថា អ៉ីស្រាអែលនឹងយល់ព្រមលើបទឈប់បាញ់ជាអចិន្ត្រៃយ៍ មុនពេលលក្ខខណ្ឌទាំងអស់នោះត្រូវបានបំពេញ គឺមិនអាចកើតឡើងឡើយ»។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់ លោក Netanyahu ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និយាយថាអ៉ីស្រាអែលបានដាក់ចេញនូវសំណើកិច្ចព្រមព្រៀង ៣ដំណាក់កាល សម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា ជាថ្នូរនឹងការដោះលែងជាមួយក្រុមហាម៉ាស់៕