(កៀវ)៖ រុស្ស៉ី បានបាញ់មីស៉ីល និងយន្តហោះដ្រូន នៅថ្ងៃសៅរ៍នេះ បង្កឱ្យខូចខាតដល់គ្រឿងបរិក្ខាថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទូទាំងប្រទេសអ៊ុយក្រែន ហើយបណ្តាលឱ្យមនុស្ស ៤នាក់រងរបួស ខណៈដែលប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទូចសុំប្រព័ន្ធការពារដែនអាកាសបន្ថែមពីសម្ព័ន្ធមិត្ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១ ខែមិថុនា ឆ្នាំ ២០២៤។

ប្រតិបត្តិករបណ្តាញអគ្គិសនីជាតិ Ukrenergo បានឱ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសដ៏ធំលើកទី ៦ពីសំណាក់រុស្ស៉ីទៅលើវិស័យថាមពលអ៊ុយក្រែន ចាប់តាំងពីខែមីនា បានធ្វើឱ្យខូចខាតដល់រោងចក្រថាមពលនៅភាគខាងកើត ភាគកណ្តាល និងភាគខាងលិច។ បើតាមកងទ័ពអាកាស អ៊ុយក្រែនបានបាញ់ទម្លាក់មីស៉ីល ៣៥គ្រាប់ក្នុងចំណោម ៥៣គ្រាប់ និងយន្តហោះដ្រូន ៤៦គ្រឿងក្នុងចំណោម ៤៧គ្រឿងដែលរុស្ស៉ីបាញ់មក នាំឱ្យខូចខាតថែមទៀតលើប្រព័ន្ធថាមពលអ៊ុយក្រែនដែលរងគ្រោះស្រាប់។

តាមបណ្តាញតេឡេក្រាម លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា គោលដៅចម្បងរបស់រុស្ស៉ីគឺធ្វើមានលក្ខណៈភេរវកម្ម តាមរយៈការធ្វើឱ្យមានកង្វះខាតប្រព័ន្ធការពារដែនអាកាស និងធ្វើឱ្យប៉ះពាល់ដល់ការប្តេជ្ញាចិត្តរបស់ដៃគូអ៊ុយក្រែន។ ដៃគូទាំងអស់ ប្រាកដជាដឹងច្បាស់នូវអ្វីដែលយើងកំពុងត្រូវការបន្ថែមដូចជា ប្រព័ន្ធការពារមីស៉ីល Patriots និងប្រព័ន្ធការពារអាកាសទំនើបៗផ្សេងទៀត។ ដូច្នេះត្រូវតែ ពន្លឿនការបញ្ជូនយន្តហោះចម្បាំហ F-16 មកអ៊ុយក្រែន ដើម្បីជួយឱ្យទាហានរបស់យើងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រយុទ្ធ»។

គួរបញ្ជាក់ថា សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន បានឈានចូលដល់ឆ្នាំទី ៣ហើយ និងមិនទាន់មានសញ្ញាបិទបញ្ចប់នោះទេ។ ពេលនេះ អ៊ុយក្រែនកំពុងតស៊ូប្រយុទ្ធនៅឯសមរភូមិ ខណៈប្រឈមមុខនឹងការពន្យារពេលទទួលបានជំនួយយោធាពីសហរដ្ឋអាមេរិក៕