(សិង្ហបុរី)៖ ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី លោក Prabowo Subianto បាននិយាយនៅថ្ងៃសៅរ៍ ទី១ ខែមិថុនា ឆ្នាំ២០២៤នេះថាប្រទេសរបស់លោកមានបំណងបញ្ជូន កងកម្លាំងរក្សាសន្តិភាពដើម្បីពង្រឹងការអនុវត្តបទឈប់បាញ់មួយ ក្នុងតំបន់ហ្កាហ្សា ប្រសិនបើតម្រូវឱ្យធ្វើដូច្នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងនៅឯវេទិកាសន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី លោក Prabowo ក៏បានលើកឡើងផងដែរថាសំណើបទឈប់បាញ់ថ្មីមួយចែកចេញជា៣ដំណាក់កាល ដែល ត្រូវបានប្រកាសដោយលោកប្រធានាធិបតី ចូ បៃដិន សម្រាប់តំបន់ហ្កាហ្សា គឺជាការបោះឆ្នោតជំហានមួយឆ្ពោះទៅទិសដៅត្រឹមត្រូវ។ លោក Prabowo បានគូសបញ្ជាក់ដូច្នេះថា «នៅពេលចាំបាច់ និងនៅពេលមានសំណើពី UN យើងត្រៀមលក្ខណៈជាស្រេចចូលរួមចំណែកក្នុងកងកម្លាំងរក្សាសន្តិភាព ដើម្បីថែរក្សា និងតាមដានការអនុវត្តបទឈប់បាញ់ រួមទាំង ផ្ដល់ការការពារ និងសន្តិសុខដល់គ្រប់បក្សា និងភាគីទាំងអស់»

គួរបញ្ជាក់ថា លោក Prabowo មានអាយុ៧២ឆ្នាំ បច្ចុប្បន្នកំពុងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ីនៅឡើយ ហើយលោកនឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតី នៅខែតុលាខាងមុន បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកលកាលពីដើមឆ្នាំ២០២៤នេះ៕