(វ៉ាស៊ីនតោន)៖ មេដឹកនាំព្រឹទ្ធសភា និងរដ្ឋសភារបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រកន្លងទៅនេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានសម្រេចអញ្ជើញជាផ្លូវការនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ដើម្បីថ្លែងសុន្ទរកថាទៅកាន់សម័យប្រជុំរួមនៃសភាទាំង២ ក្នុងគោលបំណងបង្ហាញពីការគំាទ្រក្នុងគ្រាដែលមានការខ្វែងគំនិតគ្នារវាងគណបក្សធំៗ ទាំង២ ជុំវិញសង្រ្គាមរបស់អ៉ីស្រាអែលនៅហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លិខិតអញ្ជើញខាងលើត្រូវបានចុះហត្ថលេខាដោយប្រធានរដ្ឋសភាខាងបក្សសាធារណរដ្ឋ លោក Mike Johnson មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាខាងបក្សប្រជាធិបតេយ្យ លោក Chuck Schumer មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាខាងបក្សសាធារណរដ្ឋ លោក Mitch McConnell ព្រមទាំងមេដឹកនាំសំឡេងភាគតិចនៃ រដ្ឋសភាខាងបក្សប្រជាធិបតេយ្យ លោក Hakeem Jeffries។

ក្នុងលិខិតនេះដដែល បានគូសបញ្ជាក់ដូច្នេះថា «ដើម្បីពង្រឹងទំនាក់ទំនងយូរអង្វែងរបស់ពួកយើង និងដើម្បីគូសបញ្ជាក់ពីសាមគ្គីភាពរបស់សហរដ្ឋអាមេរិកជាមួយអ៉ីស្រាអែល យើង សូមអញ្ជើញអ្នក (លោក Netanyahu) ចែករំលែកចក្ខុវិស័យរបស់រដ្ឋាភិបាលអ៉ីស្រាអែល សម្រាប់ការការពារប្រជាធិបតេយ្យ ប្រយុទ្ធប្រឆាំងភេរវករ និងការបង្កើតសន្តិភាពនៅក្នុងតំបន់»។ ប៉ុន្តែ លិខិតនេះមិនបានបញ្ជាក់ពីកាលបរិច្ឆេទដែលលោក Netanyahu ត្រូវថ្លែងសុន្ទរកថានោះទេ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ខណៈកំពុងមានភាពតានតឹងជាលោក បៃដិន លោក Netanyahu បានពង្រីកការទាក់ទងជាមួយគណបក្សសាធារណរដ្ឋ។ ជាក់ស្ដែង កាលពីខែមីនាកន្លងទៅ លោកនាយករដ្ឋមន្ត្រីរូបនេះបានថ្លែងសុន្ទរកថាមួយតាមប្រព័ន្ធវីដេអូទៅកាន់ក្រុមសមាជិកព្រឹទ្ធសភាសាធារណរដ្ឋ តែមួយសប្ដាហ៍ប៉ុណ្ណោះក្រោយលោក Schumer ចាត់ទុកលោក Netanyahu ជាឧបសគ្គរារាំងដល់ការស្វែងរកសន្តិភាព និងជំរុញឱ្យមានការបោះឆ្នោតថ្មីមួយនៅអ៉ីស្រាអែល៕