(ញូវដេលី)៖ ការបោះឆ្នោតសកលនៅក្នុងប្រទេសឥណ្ឌា ដែលជាការបោះឆ្នោតធំជាងគេបំផុតនៅលើពិភពលោក បានឈានចូលដល់ដំណាក់កាលចុងក្រោយហើយ នៅថ្ងៃសៅរ៍ ទី១ ខែមិថុនានេះ ក្នុងពេលដែលរលកកម្ដៅកំពុងលុកលុយនៅតាមផ្នែកជាច្រើននៃប្រទេស ខណៈនាយករដ្ឋមន្ត្រីលោក Narendra Modi និងគូប្រជែងរបស់លោក គឺលោក Rahul Gandhi សុទ្ធតែបាននិយាយរៀងខ្លួនៗថានឹងឈ្នះក្នុងការបោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការបោះឆ្នោតដែលចែកចេញជា ៧ដំណាក់កាល ដោយមានប្រជាជនជិត មួយពាន់លាននាក់មានសិទ្ធិបោះឆ្នោត បានចាប់ផ្ដើមកាលពីថ្ងៃទី១៩ ខែមេសា ហើយនឹងបិទបញ្ចប់ជាមួយ ការបោះឆ្នោតដណ្ដើមយកអាសនៈ៥៧ចុងក្រោយ ក្នុងនោះរួមមានទាំងអាសនៈក្នុងមណ្ឌលបោះឆ្នោតជាមូលដ្ឋានរបស់លោក Modi នៅទីក្រុង Varanasi ជាកន្លែងដ៏ពិសិដ្ឋរបស់ អ្នកកាន់សាសនាហិណ្ឌូ។

តាមក្រុមមន្ត្រីបោះឆ្នោតឥណ្ឌា មានប្រជាជនច្រើនជាង ១០០លាននាក់បានចុះឈ្មោះបោះឆ្នោតនៅក្នុងដំណាក់កាលចុងក្រោយនៅថ្ងៃសៅរ៍នេះ ទូទាំងរដ្ឋ និងដែនដីសហព័ន្ធចំនួន ៨ រួមមានរដ្ឋ Punjab Bihar West Bengal និងរដ្ឋ Odisha។

គួរបញ្ជាក់ថា នៅបន្ទាប់ពីការបោះឆ្នោតដំណាក់កាលចុងក្រោយ លទ្ធផលបោះឆ្នោតត្រូវបានរំពឹងថានឹងចាប់ផ្ដើមរាប​់នៅថ្ងៃទី៤ ខែមិថុនា៕