(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃសុក្រ ទី៣១ ខែឧសភា (ម៉ោងនៅវ៉ាស៊ីនតោន) បានបញ្ចេញផែនការមួយដែលលោកផ្ទាល់ហៅថា ជាសំណើចែកចេញជា៣ដំណាក់កាលរបស់អ៉ីស្រាអែល សម្រាប់បទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល ជាមួយការនិយាយថា វាដល់ពេលហើយ ត្រូវបញ្ចប់សង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដំណាក់កាលទី១ នៃសំណើបទឈប់បាញ់ខាងលើគឺតម្រូវឱ្យមានបទឈប់បាញ់រយៈពេល ៦សប្ដាហ៍ ជាពេលដែលអ៉ីស្រាអែលត្រូវដកកងទ័ពចេញពីតំបន់ទីប្រជុំជន ទាំងអស់នៃតំបន់ហ្កាហ្សា ហើយចំណាប់ខ្មាំងមួយចំនួន ជាពិសេសមនុស្សចាស់ និងស្ត្រីនឹងត្រូវបានដោះលែង ជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីនរាប់រយនាក់ ដែលកំពុងជាប់ឃុំនៅអ៉ីស្រាអែល។ រីឯជនស៊ីវិលប៉ាឡេស្ទីននឹងត្រូវត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ និងរថយន្ដ៦០០គ្រឿង នឹងត្រូវដឹកជំនួយមនុស្សធម៌ ចូលក្នុងតំបន់ហ្កាហ្សាក្នុងមួយថ្ងៃៗ។

ចំណែក ដំណាក់កាលទី២ ក្រុមហាម៉ាស និងអ៉ីស្រាអែលនឹងបើកកិច្ចចរចាស្ដីពីលក្ខខណ្ឌនៃបទឈប់បាញ់ជាអចិន្ត្រៃយ៍មួយ ដោយក្នុងនោះបទឈប់បាញ់បណ្ដោះអាសន្ន នឹងត្រូវបានបន្តសុពលភាព ដរាបណាកិច្ចចរចាបន្តធ្វើឡើង។ នៅដំណាក់កាលទី៣ វិញ នឹងរួមបញ្ចូលទាំងផែនការដ៏ធំមួយដើម្បីកសាងតំបន់ហ្កាហ្សាឡើងវិញ។ លោក ចូ បៃដិន ដែលកំពុងរងសម្ពាធជុំវិញសង្រ្គាមនៅហ្កាហ្សា បានលើកឡើងដូច្នេះថា «នេះគឺជាពេលសម្រាប់សង្រ្គាមនេះត្រូវបញ្ចប់ និងសម្រាប់ថ្ងៃបន្ទាប់ត្រូវចាប់ផ្ដើម»

ព្រមជាមួយគ្នានោះ ក្រោយការប្រកាសភ្លាមៗរបស់លោក បៃដិន ក្រុមហាម៉ាសបានចេញផ្សាយសេចក្ដីថ្លែងការណ៍មួយដោយនិយាយថាខ្លួនបានពិចារណាជាវិជ្ជមាន ចំពោះផែនការរបស់អ៉ីស្រាអែល ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់មួយ។ សំណើនៃផែនការនេះដែរត្រូវបានបញ្ជូនទៅកាន់ក្រុមហាម៉ាស តាមរយៈ ប្រទេសកាតា។

គួរបញ្ជាក់ថា ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Netanyahu កាលពីថ្ងៃសុក្រ បាននិយាយថាអ៉ីស្រាអែលបានអនុញ្ញាតឱ្យក្រុមអ្នកចរចារបស់ខ្លួន ធ្វើបទបង្ហាញពីកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ហ្កាហ្សា ក្រោយលោក បៃដិនបញ្ចេញផែនការបទឈប់បាញ់។ ប៉ុន្តែ អ៉ីស្រាអែលនៅតែទទូចដដែលថាសង្រ្គាមនឹងមិន បញ្ចប់នោះទេ រហូតទាល់តែគោលដៅរបស់ខ្លួនទទួលបានជោគជ័យ ក្នុងនោះរួមមានការដោះលែងចំណាប់ខ្មាំងទាំងអស់ និងការកម្ចាត់សមត្ថភាពយោធារបស់ ហាម៉ាស៕