(សិង្ហបុរី)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នៅថ្ងៃសៅរ៍ ទី១ ខែមិថុនា ឆ្នាំ២០២៤នេះបាននិយាយថាតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៅតែជាអាទិភាពមួយ សម្រាប់ទីក្រុងវ៉ាស៊ីនតោន ជាមួយការសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកមានសុវត្ថិភាព លុះត្រាតែអាស៊ីមានសុវត្ថិភាពដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Lloyd Austin ធ្វើការកត់សម្គាល់បែបនេះនាឱកាសចូលរួមវេទិកាសន្តិសុខដ៏សំខាន់មួយក្នុងប្រទេសសិង្ហបុរី និងមួយថ្ងៃបន្ទាប់ពីលោកបានជួបជាមួយ រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun។ ថ្លែងទៅកាន់វេទិកាសន្តិសុខ Shangri-La Dialogue លោកប្រមុខការពារជាតិអាមេរិក បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកអាចមានសុវត្ថិភាព លុះត្រាតែអាស៊ីមានសុវត្ថិភាព។ ដូច្នេះហើយទើបសហរដ្ឋអាមេរិកនៅតែបន្តរក្សាវត្តមានយូរអង្វែងរបស់ខ្លួននៅក្នុងតំបន់នេះ»។

លោកបន្ថែមទៀតថាបើទោះជាមានសង្រ្គាមនៅអឺរ៉ុប និងមជ្ឈិមបូព៌ាក៏ដោយ ក៏តំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៅតែជាអាទិភាពមួយរបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ខណៈកំពុងពង្រឹងទំនាក់ទំនងយោធាឱ្យកាន់តែស៊ីជម្រៅ សហរដ្ឋអាមេរិកក៏បានបង្កើនការធ្វើសមយុទ្ធយោធា ក៏ដូចជាបញ្ជូននាវាចម្បាំង និងយន្ដហោះចម្បាំង ធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ និងតំបន់សមុទ្រចិនខាងត្បូងជាប្រចាំ ដោយបង្កឱ្យចិនក្ដៅក្រហាយជារឿយៗ ស្របពេលប៉េកាំង ក៏មិនសប្បាយចិត្តផងដែរចំពោះការពង្រឹងទំនាក់ទំនងយោធារបស់សហរដ្ឋអាមេរិកជាមួយបណ្ដាប្រទេសក្នុងតំបន់៕