(ប៉េកាំង)​៖ នៅថ្ងៃសុក្រនេះ រដ្ឋាភិបាលទីក្រុងប៉េកាំង បានលើកឡើងថា វានឹងជារឿងលំបាកមួយដើម្បីឱ្យខ្លួនចូលរួម សន្នីសីទស្តីពីសង្រ្គាម​នៅអ៊ុយក្រែន ដែលគ្រោងធ្វើឡើងក្នុងប្រទេសស្វីស នាខែក្រោយនេះ ប្រសិនបើរុស្ស៉ីមិនមានវត្តមាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤។

អ៊ុយក្រែនកំពុងព្យាយាមអំពាវនាវ ឱ្យមានការចូលរួមផុសផុល ក្នុងកិច្ចប្រជុំសន្តិភាពនៅស្វីស ដែលគ្រោងធ្វើឡើងនាខែមិថុនាខាងមុខ ខណៈទីក្រុងកៀវសង្ឃឹមថា នឹងអាចទទួលបានការគាំទ្រទូលំទូលាយពីអន្តរជាតិ សម្រាប់ចក្ខុវិស័យរបស់ខ្លួនជុំវិញលក្ខខណ្ឌ ដែលចាំបាច់ដើម្បីឆ្ពោះទៅរកទីបញ្ចប់ នៃសង្រ្គាមឈ្លានពាន របស់រុស្ស៉ី។ ស្របពេលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទូចឱ្យ​ចិនចូលរួម ទីក្រុងប៉េកាំងនាថ្ងៃសុក្រនេះ បាននៅតែនិយាយថា កិច្ចប្រជុំសន្តិភាពណាមួយក៏ដោយ នឹងចាំបាច់ត្រូវមានការចូលរួមពីរុស្ស៉ី។ រុស្ស៉ី​មិនត្រូវបានគេអញ្ជើញឱ្យចូលរួម សន្និសីទនៅប្រទេសស្វីស នោះទេ។

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងដូច្នេះថា «ទីក្រុងប៉េកាំងជឿជាក់ថា សន្និសីទនេះគួរតែ​មានការទទួលស្គាល់ ពីរុស្ស៉ីនិងអ៊ុយក្រែន ហើយមានការចូលរួមស្មើភាពគ្នាពីគ្រប់ភាគីទាំងអស់ រួមជាមួយការពិភាក្សាដោយយុត្តិធម៌ ទៅលើ​ផែនការសន្តិភាពនានា។ បើពុំដូច្នោះទេ វានឹងពិបាកឱ្យសន្និសីទនេះ អាចដើរតួនាទីរឹងមាំជាក់លាក់មួយ ក្នុងកិច្ចប្រឹងប្រែងស្តារសន្តិភាព។ សម្រាប់ការរៀបចំនៃសន្និសីទសន្តិភាពនេះ គឺមិនទាន់សមស្របតាមការទាមទាររបស់ចិន ក៏ដូចជាការរំពឹងទុករបស់សហគមន៍អន្តរជាតិនៅឡើយ ដូច្នេះហើយ វាពិបាកសម្រាប់ឱ្យចិនចូលរួម»។ ទីក្រុងមូស្គូក៏បានរិះគន់ផងដែរ ចំពោះគម្រោងរៀបចំកិច្ចប្រជុំសន្តិភាពនៅស្វីស ដែលមិនមានវត្តមានខ្លួន។

គួរបញ្ជាក់ថា អំឡុងជំនួបជាមួយប្រមុខការពារជាតិអាមេរិក នៅឯប្រទេសសិង្ហបុរីនាថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការពារជាតិចិន លោក Dong Jun បានប្រាប់សមភាគីរបស់ខ្លួនថា ទីក្រុងប៉េកាំងនៅតែប្រកាន់ខ្ជាប់នូវ គោលជំហរសត្យានុម័តដោយមិនលម្អៀងទៅខាងណាឡើយ ជុំវិញវិបត្តិសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ហើយមិនបានផ្តល់អាវុធឱ្យទៅភាគីណាមួយ នៃជម្លោះនេះនោះទេ៕