(ឌូបៃ)៖ ទូរទស្សន៍ Al-Masirah របស់ក្រុមហ៊ូទី បានរាយការណ៍ថា មនុស្សចំនួន ១៦នាក់ត្រូវបានសម្លាប់ រីឯ៣៥នាក់រងរបួស ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសទៅលើខេត្ត Hodeidah របស់ប្រទេសយេម៉ែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ ២០២៤។

ការវាយប្រហារបានកំណត់គោលដៅលើអគារវិទ្យុមួយ នៅក្នុងសង្កាត់ Al-Hawk និងកំពង់ផែ Salif នៃទីក្រុង Hodeidah។ យោធាអាមេរិក​ និងចក្រភពអង់គ្លេស និយាយថា ពួកគេបានបើកការវាយប្រហារដោយកំណត់គោលដៅលើក្រុមហ៊ូទី នៅយេម៉ែន កាលពីថ្ងៃព្រហស្បតិ៍ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងក្រុមនេះ ពីការធ្វើសកម្មភាពរំខានបន្ថែមទៀតទៅលើការដឹកជញ្ជូន នៅតំបន់សមុទ្រក្រហម។ បើតាមទីបញ្ជាការកណ្តាលយោធាអាមេរិក កងទ័ពអាមេរិក និងអង់គ្លេស បានវាយប្រហារទៅលើទីតាំង ១៣កន្លែងរបស់ក្រុមហ៊ូទី នៅយេម៉ែន។ ក្រសួងការពារជាតិអង់គ្លេសវិញ បានឱ្យដឹងថា ប្រតិបតិ្តការរួមគ្នានេះធ្វើឡើងទៅលើទីតាំងចំនួន ៣នៅក្នុងទីក្រុងកំពង់ផែ Hodeidah នៃសមុទ្រក្រហម ដោយប្រើយន្តហោះដ្រូន និងការវាយប្រហារតាមអាកាស។

គួរបញ្ជាក់ថា ចាប់តាំងពីខែវិច្ឆិកាមក ក្រុមហ៊ូទី ដែលកំពុងគ្រប់គ្រងរដ្ឋធានីសាណា និងតំបន់ដែលមានប្រជាជនច្រើនជាងគេរបស់យេម៉ែន បានធ្វើសកម្មភាពវាយប្រហារលើការដឹកជញ្ជូនអន្តរជាតិ នៅតំបន់សមុទ្រក្រហមក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន ក្នុងសង្គ្រាមរអ៉ីស្រាអែល-ហាម៉ាស។ ក្រោយមកសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានធ្វើប្រតិបត្តិការឆ្លើយតបនៅខែកុម្ភៈ៕