(ប៉េកាំង)៖ ពូជសាសន៍និយមបានចាក់ជ្រៅទៅក្នុងផ្នត់គំនិត គម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែខ្លាំងក្លា ការធ្វើបដិបក្ខគ្នារវាងបក្សពួក កើតមានជាបន្តបន្ទាប់ បានច្រានចោលនិងរើសអើងជនអន្តោប្រវេសន៍។ល។ «របាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សនៅ សហរដ្ឋអាមេរិកឆ្នាំ២០២៣» ដែលការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយកាលពីថ្ងៃទី២៩ ខែឧសភា បានប្រើទិន្នន័យជាច្រើននិងសំណុំរឿងស្រស់ៗ ក្នុងន័យលាតត្រដាងនូវការពិតដែលអាមេរិករំលោភសិទ្ធិមនុស្ស។

សូមយកអំពើហិង្សាដោយកាំភ្លើងជាឧទាហរណ៍។ យោងតាមស្ថិតរបស់វេបសាយ “បណ្ណសារអំពើហិង្សាដោយកាំភ្លើង” បានឱ្យដឹងថា នៅឆ្នាំ២០២៣ សហរដ្ឋអាមេរិកបានកើតមាន ករណីបាញ់ប្រហារទ្រង់ទ្រាយធំយ៉ាងហោចណាស់ ចំនួន៦៥៤ករណី។ អំពើហិង្សាដោយកាំភ្លើង បានបណ្តាលឱ្យមនុស្សចំនួនជិត៤ម៉ឺន៣ពាន់នាក់ស្លាប់បាត់បង់ជីវិត គិតជាមធ្យមក្នុងមួយថ្ងៃ មានមនុស្សចំនួន១១៧នាក់ស្លាប់បាត់បង់ជីវិត ។ របាយការណ៍នេះបានលើកឡើងថា អ្នកនយោបាយអាមេរិកសម្លឹងឃើញតែលុយកាក់ និងផលប្រយោជន៍ផ្ទាល់ខ្លួនខាងនយោបាយ ពិបាកឈានដល់គំនិតឯកភាពរួមអំពីការគ្រប់គ្រងកាំភ្លើង ចុងបំផុត បណ្តាលឱ្យប្រជាជនសាមញ្ញលះបង់អាយុជីវិត។

ព្រមពេលជាមួយគ្នានេះ បើប្រៀបធៀបនឹងមនុមួយស្សចំនួនតូច ដែលមានឋានៈគ្រប់គ្រង់លើវិស័យនយោបាយ សេដ្ឋកិច្ចនិងសង្គម ប្រជាពលរដ្ឋអាមេរិកភាគច្រើន កាន់តែមិនត្រូវបានយកចិត្តទុកដាក់គេ មិនអើពើសិទ្ធិនិងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ “សិទ្ធិមនុស្សបែបអាមេរិក” បានក្លាយទៅជា “បុព្វសិទ្ធិបែបអាមេរិក”។ ក្នុងនោះ បញ្ហាដែលមានភាពលេចធ្លោបំផុត គឺបញ្ហារើសអើងពូជសាសន៍។

មិនត្រឹមតែប៉ុណ្ណោះទេ គម្លាតរវាងអ្នកមាននិងអ្នកក្រនៅសហរដ្ឋអាមេរិក បានឈានដល់កម្រិតធ្ងន់ធ្ងរបំផុត តាំងពីវិបត្តិសេដ្ឋកិច្ចឆ្នាំ ១៩២៩មក។ ទិន្នន័យបានបង្ហាញឱ្យឃើញថា នៅត្រីមាសទី៣ ឆ្នាំ២០២៣ មនុស្សចំនួន១០ភាគរយ ដែលមានប្រាក់ចំណូលច្រើនបំផុត កាន់កាប់ចំនួន៦៦,៦ភាគរយ នៃទ្រព្យសម្បតិ្តសរុបរបស់អាមេរិក។ បើប្រៀបធៀបនឹងសភាពការណ៍បែបនេះ មនុស្សចំនួន៥០ភាគរយ ដែលមានប្រាក់ចំណូលទាបបំផុត គ្រាន់តែមានចំនួន២,៦ភាគរយនៃទ្រព្យសម្បតិ្តសរុបតែប៉ុណ្ណោះ។

បើមើលពីស្រទាប់កាន់តែស៊ីជម្រៅ ហេតុអ្វីបានជាជំនឿចិត្តរបស់ប្រជាជនអាមេរិក បានធ្លាក់ចុះ មូលហេតុសំខាន់ គឺដោយមកពី នយោបាយលុយកាក់ និងការបដិបក្ខគ្នារវាងបក្សពួក ដែលកើតមានជាបន្តបន្ទាប់នៅសហរដ្ឋអាមេរិក។ បច្ចុប្បន្ននេះ ប្រជាធិបតេយ្យបែបអាមេរិក គ្មានន័យពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានក្លាយជាហ្គេមសម្រាប់ជួញដូរផលប្រយោជន៍។ ក្រៅពីនេះ ការបែកបាក់គ្នាខាងនយោបាយដែលមានសភាពកាន់តែធ្ងន់ធ្ងរ បណ្តាលឱ្យសង្គមអាមេរិកមានភាពប្រេះស្រាំកាន់តែខ្លាំងឡើងៗ ដែលបានរង្គោះរង្គើនូវជំនឿចិត្តរបស់ប្រជាជនអាមេរិកថែមមួយកម្រិតទៀត ។ វេបសាយនៃទស្សនាវដី្តប្រចាំសប្តាហ៍ « The Economist» របស់អង់គ្លេសបានចេញផ្សាយបទវិភាគថា ដោយមកពីបក្សនយោបាយនានាប្រញាប់ធ្វើបដិបក្ខគ្នានៅផ្ទៃក្នុង បានជានៅឆ្នាំ២០២៣ រដ្ឋសភាអាមេរិកមិនបានតាក់តែងច្បាប់ច្រើនប៉ុន្មានទេ អាចបាននិយាយថាជារដ្ឋសភា ដែលមានប្រសិទ្ធភាពទាបបំផុត តាំងពីសង្គ្រាមផ្ទៃក្នុងអាមេរិកមក ។

ប្រើបុព្វសិទ្ធិនៅក្នុងប្រទេស និងធ្វើអនុត្តរភាពនៅផ្ទៃអន្តរជាតិ។ ពីការដឹកជញ្ជូនអាវុធ ដូចជាគ្រាប់បែកចង្កោមជាដើម ទៅកាន់អ៊ុយក្រែនជាបន្តបន្ទាប់ ដល់ការផ្តល់ជំនួយខាងយោធាជាច្រើនដល់អ៊ីស្រាអែល រហូតដល់ការដាក់ទណ្ឌកម្មដោយឯកតោភាគី ទៅលើប្រទេសជាច្រើន ដូចជាគុយបា អ៊ីរ៉ង់និងស៊ីរីជាដើម រដ្ឋាភិបាលអាមេរិកបានប្រែក្លាយសិទ្ធិមនុស្ស ទៅជាលេសសម្រាប់ជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត និងជាអាវុធសម្រាប់គាំពារអនុត្តរភាពបែបអាមេរិក ដែលបានបណ្តាលឱ្យកើតមាន វិបតិ្តមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ក៏ដូចជាបានបំផ្លាញដល់កិច្ចការសិទ្ធិមនុស្សសកលផងដែរ។ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកនាំពាក្យនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ បានលើកឡើងថា ការបំបិទផ្លូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មនិងហិរញ្ញវត្ថុ ដែលអាមេរិកអនុវត្តនៅគុយបា បានល្មើសនឹង «ធម្មនុញ្ញអង្គការសហប្រជាជាតិ» ហើយបានបង្កជាផលប៉ះពាល់មានលក្ខណៈវិនាស ចំពោះប្រជាជនគុយបា។

អ្នកផងទាំងពួងបានមើលឃើញយ៉ាងច្បាស់ថា អ្វីដែលហៅថា “សិទ្ធិមនុស្សបែបអាមេរិក” គ្រាន់តែជាបុព្វសិទ្ធិរបស់ មនុស្សមួយចំនួនតូចក្នុងស្រុកអាមេរិក និងធ្វើអនុត្តរភាពនៅផ្ទៃអន្តរជាតិ តាមទំនើងចិត្តតែប៉ុណ្ណោះទេ។ នៅចំពោះមុខកំណត់ត្រាដ៏អាក្រក់ “សិទិ្ធមនុស្ស” ដែលអ្នកនយោបាយអាមេរិកមួយចំនួន តែងតែឃោសនាបំប៉ោងនោះ គួរឱ្យហួសចិត្តណាស់ អ្វីដែលហៅថា “ចៅក្រមកាត់ក្តីសិទ្ធិមនុស្ស” តាមពិតទៅ អ្នកដែលត្រូវទទួលការកាត់ក្តីនោះគឺជាខ្លួនឯងទៅវិញទេ៕

វិទ្យុមិត្តភាពកម្ពុជាចិន