(ញូវដែលី)៖ អាជ្ញាធរនិយាយថា យ៉ាងហោចណាស់មនុស្ស ១៥នាក់បានស្លាប់ ក្រោមការសង្ស័យព្រោះតែជំងឺសន្លប់ដោយសារកម្តៅ នៅក្នុងរដ្ឋ Bihar និងរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈអាកាសធាតុក្តៅខ្លាំង ដែលគ្របដណ្តប់លើតំបន់ អាចនឹងបន្តរហូតដល់ថ្ងៃសៅរ៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ ២០២៤។

ក្នុងសប្តាហ៍នេះ សីតុណ្ហភាពក្នុងរដូវក្តៅនៅផ្នែកខ្លះនៃតំបន់រដ្ឋធានី Delhi បានឡើងដល់កម្រិតបំបែកកំណត់ត្រាគឺ ៥២.៩អង្សាសេ។ ទោះបីជាសីតុណ្ហភាពនៅពាយ័ព្យ និងភាគកណ្តាលប្រទេស ត្រូវបានព្យាករថានឹងថមថយខ្លះនៅប៉ុន្មានថ្ងៃខាងមុខ ហើយរលកកម្តៅ ដែលកំពុងរាលដាលនៅភាគខាងកើតប្រទេស ទំនងជានឹងបន្តរយៈពេលពីរថ្ងៃទៀតនោះ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានប្រកាសថា កម្រិតសីតុណ្ហភាពនឹងនៅតែខ្ពស់ជាងធម្មតា ចន្លោះពី ៤.៥ ដល់៦.៤ អង្សាសេ។

អាជ្ញាធរឥណ្ឌា បានប្រាប់ Reuters ថា ការស្លាប់របស់មនុស្ស ១០នាក់ ត្រូវបានរាយការណ៍ពីមន្ទីរពេទ្យរដ្ឋក្នុងតំបន់ Rourkela នៃរដ្ឋ Odisha កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលមានមនុស្សស្លាប់ ៥នាក់ទៀត ត្រូវបានរាយការណ៍ក្នុងទីក្រុង Aurangabad នៃរដ្ឋ Bihar ដោយសារតែខ្យល់គរ។ នៅទីក្រុងញូវដែលី អាកាសធាតុក្តៅខ្លាំងបានធ្វើឱ្យសត្វឈឺ ឬងាប់ ដោយសួនសត្វក្នុងរដ្ឋធានីមួយនេះ ពឹងផ្អែកលើអាងទឹក និងឧបករណ៍បាញ់ទឹក ដើម្បីសង្គ្រោះសត្វចំនួន ១,២០០ក្បាលនៅទីនោះ។

គួរបញ្ជាក់ថា ឥណ្ឌា ដែលដំណើការបោះឆ្នោតកំពុងប្រព្រឹត្តទៅក្នុងរដូវក្តៅ គឺជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំជាងគេទី៣ ទូទាំងពិភពលោក។ ទន្ទឹមគ្នានឹងរលកកម្តៅ រដ្ឋភាគឦសានគឺ Manipur និងរដ្ឋ Assam វិញបានទទួលរងភ្លៀងធ្លាក់ខ្លាំង បន្ទាប់ពីព្យុះស៉ីក្លូន Remal បង្ករជាការជន់លិចដល់តំបន់ជាច្រើន គិតត្រឹមថ្ងៃសុក្រនេះ៕