(មីនស្កិ៍)៖ ក្រុមពីឡុតនៃយន្តហោះចម្បាំង-ទម្លាក់គ្រាប់បែករុស្ស៉ី បាននិងកំពុងធ្វើសមយុទ្ធដែនអាកាសជាមួយសមភាគីបេឡារុស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ ២០២៤។

ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា សមយុទ្ធចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា ចូលរួមដោយក្រុមពីឡុត នៃយន្តហោះចម្បាំងពហុមុខងារ Su-30SM យន្តហោះទម្លាក់គ្រាប់បែក Su-24 និងឧទ្ធម្ភាគចក្រយោធាស៊េរី Mi-24 និង Mi-8។ ក្រសួងការពារជាតិរុស្ស៉ី បញ្ជាក់ថា «ក្រុមពីឡុត កំពុងធ្វើសមយុទ្ធលើការប្រើប្រាស់ជាក់ស្តែង នូវប្រភេទអាវុធការពារដែនអាកាស ដែលកំណត់គោលដៅជាក់លាក់»

គួរបញ្ជាក់ថា បេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់រុស្ស៉ី បានអនុញ្ញាតឱ្យប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ប្រើប្រាស់ទឹកដីរបស់ខ្លួន ជាកន្លែងបើកការវាយប្រហារលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២៕