(សិង្ហបុរី)៖ នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកនិងចិន បានបើកកិច្ចពិភាក្សាទល់មុខផ្ទាល់យ៉ាងកម្រជាមួយគ្នា នៅឯប្រទេសសិង្ហបុរី ខណៈជំនួបនេះ បម្រើជាក្តីសង្ឃឹមមួយ សម្រាប់កិច្ចសន្ទនាយោធាបន្តបន្ទាប់ទៀត រវាងប្រទេសមហាអំណាចទាំងពីរ ដែលអាចជួយទប់ស្កាត់កុំឱ្យវិវាទ ជុំវិញបញ្ហាកោះតៃវ៉ាន់ និងបញ្ហាក្តៅៗដទៃទៀត រីករាលដាលហួសពីការគ្រប់គ្រងបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤។

ជំនួបរវាងប្រមុខការពារជាតិអាមេរិក លោក Lloyd Austin និងប្រមុខការពារជាតិចិន លោក Dong Jun នៅក្រៅព្រឹត្តិការណ៍វេទិកាសន្តិសុខអន្តរជាតិ Shangri-La Dialogue គឺជាកិច្ចពិភាក្សាទល់មុខផ្ទាល់លើកដំបូង ដែលមានលក្ខណៈជាក់លាក់ រវាងរដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំងពីរ បើគិតក្នុងរយៈពេល១៨ខែមក។ ក្រុមមន្រ្តីនិងប្រមុខការពារជាតិ មកពីគ្រប់ទិសទីជុំវិញពិភពលោក កំពុងចូលរួមសន្និសីទប្រចាំឆ្នាំខាងលើ ដែលនៅក្នុងឆ្នាំនេះធ្វើឡើង បន្ទាប់ពីប្រទេសចិន ទើបតែធ្វើសមយុទ្ធយោធា នៅជុំវិញកោះតៃវ៉ាន់ ដើម្បីព្រមានដែនកោះដែលមានអាមេរិកជាខ្នងបង្អែកនេះ ក្រោយការស្បថចូលកាន់តំណែង នៃមេដឹកនាំតៃវ៉ាន់ថ្មីគឺលោក Lai Ching-te។ លោក Lai ត្រូវចិនចាត់ទុកជាបុគ្គលចង់បំបែករដ្ឋដ៏គ្រោះថ្នាក់ម្នាក់។

គួរបញ្ជាក់ថា ចិនបានលុបចោលការទាក់ទងផ្នែកយោធាជាមួយអាមេរិក កាលពីឆ្នាំ២០២២ ដើម្បីជាការឆ្លើយតប ចំពោះទស្សនកិច្ចរបស់​លោកស្រី Nancy Pelosi ដែលកាលនោះនៅកាន់តំណែងជា ប្រធានសភាតំណាងរាស្រ្តអាមេរិក មកកាន់កោះតៃវ៉ាន់។ ភាពតានតឹងរវាង​ទីក្រុងវ៉ាស៉ីនតោន និងទីក្រុងប៉េកាំង ត្រូវបានដុត ឱ្យឡើងកម្តៅថែមទៀត អំឡុងឆ្នាំ២០២៣ ដោយសារបញ្ហាផ្សេងៗ រួមមានទាំងករណីបាឡុង ដែលអាមេរិកចោទថា ជារបស់បាឡុងស៉ើបការណ៍របស់ចិន ព្រមទាំងជំនួបរវាងលោកស្រី Tsai Ing-wen ដែលពេលនោះ នៅជាមេដឹកនាំតៃវ៉ាន់ និងលោក Kevin McCarthy ដែលជាប្រធានសភាតំណាងរាស្រ្តអាមេរិក បន្តពីលោកស្រី Pelosi ព្រមទាំងការផ្តល់ជំនួយយោធារបស់អាមេរិក សម្រាប់តៃវ៉ាន់។

យ៉ាងណាក្តី ភាគីទាំងពីរបានយល់ស្របគ្នា ក្រោយជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង កាលពីឆ្នាំមុន ថានឹងចាប់ផ្តើមកិច្ចពិភាក្សាយោធាកម្រិតខ្ពស់ឡើងវិញ៕