(កៀវ)៖ អគ្គលេខាធិការនៃអង្គការណាតូ (NATO) បាននិយាយកាលពីថ្ងៃព្រហស្បត៍សប្តាហ៍នេះថា «ពេលវេលាមកដល់ហើយ» សម្រាប់សមាជិកនៃបក្សសម្ព័ន្ធយោធាទាំងអស់ ពិចារណាឡើងវិញអំពីការរឹតត្បិតលើការប្រើប្រាស់អាវុធដែលបញ្ជូនទៅឱ្យអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងសង្រ្គាមរបស់រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ ២០២៤។

ក្នុងសុន្ទរកថាមួយនៅឯទីក្រុងប្រាក នៃសាធារណៈរដ្ឋឆែក មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូ លោក Stoltenberg បានគូសបញ្ជាក់ថា «សម្ព័ន្ធមិត្តកំពុងផ្តល់ការគាំទ្រផ្នែកយោធាក្នុងទម្រង់ផ្សេងៗគ្នាសម្រាប់អ៊ុយក្រែន ហើយពួកគេបានដាក់កំហិតមួយចំនួនលើការប្រើប្រាស់អាវុធ... ទាំងនេះគឺជាការសម្រេចចិត្តរបស់ប្រទេសនីមួយៗ។ ប៉ុន្តែ ខ្ញុំគិតថាសង្រ្គាមបានវិវត្តទៅមុខហើយ ដល់ពេលដែលត្រូវពិចារណាលើការរឹតបន្តឹងមួយចំនួន ដើម្បីឱ្យអ៊ុយក្រែនពិតជាអាចការពារខ្លួនបាន»

គួរបញ្ជាក់ថា ស្របពេលដែល មេដឹកនាំអ៊ុយក្រែន ទទូចដល់បណ្តារដ្ឋាភិបាលនានា រាប់ចាប់តាំងពីទីក្រុងបែរឡាំង រហូតដល់ទីក្រុងវ៉ាស៉ីតោន ឱ្យលុបចោលការរឹតត្បិតលើការប្រើអាវុធដែលបានផ្គត់ផ្គង់មកនោះ ក៏មានការលេច​ចេញនូវ​ការ​បែងចែក​កាន់​តែ​ខ្លាំង​ឡើង​ក្នុងចំណោមប្រទេសលោកខាងលិច ថាតើ​យោធា​អ៊ុយក្រែន​គួរ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វាយ​ប្រហារ​លើ​ទឹកដី​រុស្ស៊ី​ឬ​អត់។

សម្ព័ន្ធមិត្តអ៊ុយក្រែន ដូចជាចក្រភពអង់គ្លេស ប្រទេសក្នុងតំបន់បាល់ទិក និងដាណឺម៉ាកថា វាគឺការការពារខ្លួនស្របច្បាប់ប្រឆាំងនឹងការឈ្លានពាន ខណៈដែលអ្នកផ្សេងទៀតថា អាវុធរបស់ពួកគេអាចប្រើបានតែនៅក្នុងទឹកដីអ៊ុយក្រែនប៉ុណ្ណោះ។ ការណ៍នេះឆ្លុះបញ្ចាំងពីការភ័យខ្លាច ចំពោះការអូសលោកខាងលិចចូលទៅក្នុងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន៕