(ហ្កាហ្សា)៖ សមាជិកមួយរូបនៃគណៈរដ្ឋមន្ត្រី​កិច្ចការសង្គ្រាម​ មកពីគណបក្ស National Unity របស់លោក Benny Gantz កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍នេះ បានលើកសំណើ​ដើម្បី​រំលាយ​សភាអ៉ីស្រាអែល ខណៈដែលភាពតានតឹងក្នុងរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu កំពុងកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ ២០២៤។

គណបក្ស National Unity ដឹកនាំដោយលោក Benny Gantz មាននិន្នាការកណ្តាលក្នុងរដ្ឋាភិបាលចម្រុះរបស់ លោក Netanyahu នាយករដ្ឋមន្រ្តីអ៉ីស្រាអែល។ ការលើកសំណើខាងលើនេះ ធ្វើឡើងបន្ទាប់ពីជិតដល់ឱសានវាទដែល លោក Gantz ដាក់ចេញកាលពីខែឧសភា កំណត់ឱ្យលោក Netanyahu យល់ព្រមលើផែនការធ្វើសង្រ្គាម នៅហ្កាហ្សាត្រឹមថ្ងៃទី៨ ខែមិថុនា ព្រមជាមួយនិងការគំរាមចាកចេញពីក្រុមចម្រុះ ប្រសិនបើមិនមានកិច្ចព្រមព្រៀងបែបនោះ។

លោកស្រី Pnina Tameno សមាជិកសភាមកពីគណបក្ស National Unity របស់លោក Benny Gantz បានបញ្ជាក់ក្នុងចេញសេចក្តីថ្លែងការណ៍ថា «ថ្ងៃ៧ តុលា គឺជាគ្រោះមហន្តរាយដែលតម្រូវឱ្យយើងត្រលប់មក បង្កើនទំនុកចិត្តសម្រាប់ប្រជាជនឡើងវិញ ដោយការបង្កើតរដ្ឋាភិបាលដែលមានការឯកភាពគ្នាយ៉ាងទូលំទូលាយ និងមានស្ថិរភាព ដើម្បីដឹកនាំយើងឆ្លងកាត់បញ្ហាប្រឈមធំផ្នែកសន្តិសុខ សេដ្ឋកិច្ច និងបញ្ហាសំខាន់ៗផ្សេងទៀត នៅក្នុងសង្គមអ៉ីស្រាអែល»

គួរបញ្ជាក់ថា លោក Gantz បានចូលរួមជាមួយរដ្ឋាភិបាលលោក Netanyahu ភ្លាមៗបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលារបស់ក្រុមហាម៉ាស ក្នុងនាមជាសមាជិកនៃគណៈរដ្ឋមន្ត្រីកិច្ចការសង្គ្រាម ដោយលោកបានជួយគ្រប់គ្រងផែនការវាយលុករបស់អ៉ីស្រាអែល នៅតំបន់ហ្កាហ្សា ប៉ុន្តែភាពតានតឹងបែរជាកើនឡើងគ្រាដែលសង្រ្គាមអូសបន្លាយ។ ទោះជាគណបក្ស National Liberal Movement របស់លោក Netanyahu ត្រូវជួបការពិបាកខ្លះ ប៉ុន្តែសម្ព័ន្ធមិត្តនៃក្រុមស្តាំនិយម នៅតែមានអាសនៈភាគច្រើនដោយគ្មានលោក Gantz៕