(វ៉ាស៊ីនតោន)៖ គិលានុបដ្ឋាយិកាម្នាក់ជាពលរដ្ឋអាមេរិក មានដើមកំណើតប៉ាឡេស្ទីនបម្រើការនៅឯមន្ទីរពេទ្យមួយក្នុងទីក្រុង New York ត្រូវបានបណ្ដេញចេញពីការងារ បន្ទាប់ពី លោកស្រីបានហៅសង្រ្គាមរបស់អ៉ីស្រាអែលក្នុងហ្កាហ្សាជាអំពើប្រល័យពូជសាសន៍ អំឡុងថ្លែងសុន្ទរកថាទទួលរង្វាន់សម្រាប់ការបំពេញការងាររបស់លោកស្រី។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោកស្រី Hesen Jabr បានសរសេររៀបរាប់នៅលើបណ្ដាញទំនាក់ទំនងសង្គម Instagram ថាលោកស្រីត្រូវបានប្រគល់រង្វាន់កាលពីថ្ងៃទី៧ ខែឧសភា ជាពេលដែលលោកស្រី ធ្វើការកត់សម្គាល់ខាងលើ។ លោកស្រីបន្ថែមថាទទួលបានលិខិតបញ្ឈប់ការងារក្នុងខែឧសភានេះ។ លោកស្រី Hesen Jabr បានលើកឡើងក្នុងវីដេអូនៃសុន្ទរកថានោះដូច្នេះថា «ខ្ញុំ ពិតជាឈឺចាប់ណាស់ដែលបានឃើញស្ត្រីនៅក្នុងប្រទេសរបស់ខ្ញុំ (ប៉ាឡេស្ទីន) ស្លាប់ដ៏នឹកស្មានមិនដល់នៅក្នុងអំពើប្រល័យពូជសាសន៍ដែលកំពុងកើតឡើងនៅហ្កាហ្សា»

គួរបញ្ជាក់ថា ខាងមន្ទីរពេទ្យ NYU Langone Health បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភាថាខ្លួនធ្លាប់បានព្រមានលោកស្រី Hesen Jabr ម្ដងរួចហើយថាមិនត្រូវនិយាយ ពីសង្រ្គាមហ្កាហ្សានៅកន្លែងការងារទេ តែលោកស្រីមិនព្រមធ្វើតាម ដូច្នេះខាងមន្ទីរពេទ្យសម្រេចចិត្តបញ្ឈប់លោកស្រីតែម្ដង៕