(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នឹងបំពេញទស្សនកិច្ចមកកាន់កម្ពុជានៅដើមខែមិថុនាខាងមុខ ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមទំនាក់ទំនងជាមួយ នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាដែលធ្លាប់ទទួលបានការអប់រំនៅសហរដ្ឋអាមេរិក ក្រោមកិច្ចខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលកុំឱ្យទីក្រុងភ្នំពេញផ្អៀងទៅរកចិនខ្លាំងពេក។ តាមការគ្រោងទុក បើមិនមានអ្វីប្រែប្រួលទេ លោក Austin នឹងធ្វើដំណើរមកដល់ទីក្រុងភ្នំពេញ នៅថ្ងៃទី៤ ខែមិថុនា ក្រោយចូលរួមវេទិកាសន្តិសុខ Shangri-La Dialogue ដែលនឹងប្រព្រឹត្តិទៅ ពីថ្ងៃសុក្រ ទី៣១ ខែឧសភា ដល់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ ប៉ុន្តែ តើមានមូលហេតុអ្វីទៅដែលនាំរដ្ឋមន្ត្រីការពារជាតិអាមេរិកធ្វើទស្សនកិច្ចកម្ពុជា?

* នៅឯវេទិកាសន្តិសុខ Shangri-La Dialogue
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នឹងថ្លែងសុន្ទរកថាដោយធ្វើការធានាឡើងវិញទៅកាន់សម្ព័ន្ធមិត្តរបស់អាមេរិកក្នុងតំបន់អាស៊ីថាទីក្រុងវ៉ាស៊ីនតោននៅតែមានការប្ដេជ្ញាចិត្ត ដើម្បីជួយ និងគាំទ្រពួកគេក្នុងការទប់ទល់នឹងឥទ្ធិពលចិនក្នុងតំបន់ បើទោះជារដ្ឋបាលលោក ចូ បៃដិន កំពុងផ្តោតលើសង្រ្គាមរបស់អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សា និងការឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែនក៏ដោយ។ លោក Elbridge Colby ជាអតីតមន្ត្រីជាន់ខ្ពស់នៃមន្ទីរបញ្ចកោណអំឡុងអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ បាននិយាយថា ជាការពិតណាស់ អ្វីដែលគេមិនអាច ប្រកែកបាន នោះគឺសហរដ្ឋអាមេរិកមិនបានផ្ដោតលើតំបន់អាស៊ីខ្លាំង ដូចដែលអាមេរិកត្រូវការអាស៊ីនោះទេ ហើយកាន់តែច្បាស់ទៅទៀត គឺវ៉ាស៊ីនតោនមិនអាចសម្រេចភាពរីកចម្រើនក្នុង ល្បឿនដូចគ្នាទៅនឹងល្បឿនដែលចិនកំពុងពង្រីកសមត្ថភាព និងសកម្មភាពយោធានោះទេ។

សហរដ្ឋអាមេរិកបានអនុម័តជំនួយយោធារាប់ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក ហើយកាលពីខែមេសាកន្លងទៅ សភាទំាង២ របស់សហរដ្ឋអាមេរិកបានអនុម័ត កញ្ចប់ថវិកា ៦១ពាន់លានដុល្លារបន្ថែមសម្រាប់ទីក្រុងកៀវ។ ទីក្រុងវ៉ាស៊ីនតោន ក៏បានបន្តផ្គត់ផ្គង់អាវុធឱ្យអ៉ីស្រាអែល និងទម្លាក់លុយ ២៦ពាន់លានដុល្លារបន្ថែមឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនមួយនេះ ផងដែរ។ ដោយឡែក ខណៈអះអាងថាកំពុងផ្តោតលើការទប់ទល់ជាមួយចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាមេរិកបានអនុម័តថវិកា ៨ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ការទប់ទល់ឥទ្ធិពល ចិនក្នុងតំបន់។ ម្លោះហើយនៅឯវេទិកាសន្តិសុខ Shangri-La Dialogue លោកប្រមុខមន្ទីរបញ្ចកោណនឹងថ្លែងសុន្ទរកថាដោយគូសបញ្ជាក់ពីកិច្ចប្រឹងប្រែងរបស់អាមេរិក ក្នុងការពង្រឹងសម្ព័ន្ធភាព និងភាពជាដៃគូ ជាមួយសម្ព័ន្ធមិត្តអាមេរិករួមមាន ជប៉ុន អូស្ត្រាលី ហ្វីលីពីន កូរ៉េខាងត្បូង និងប្រទេសក្នុងតំបន់មួយចំនួនទៀត។

លោក Austin ក៏នឹងជួបពិភាក្សាការងារផងដែរជាមួយរដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun ក្នុងជំនួបដោយផ្ទាល់លើកដំបូងបំផុតរវាងប្រមុខការពារជាតិនៃប្រទេសទាំង២ ចាប់តាំងពីលោក Jun ត្រូវបានតែងតាំងជាប្រមុខការពារជាតិចិនថ្មី កាលពីខែធ្នូ ឆ្នាំមុនមក។ តាមក្រុមមន្ត្រីអាមេរិក លោក Austin នឹងលើកឡើងពីការព្រួយបារម្ភទៅកាន់លោក Dong Jun ជុំវិញបញ្ហាមួយចំនួន ដូចជាសកម្មភាពយោធារបស់ចិននៅជុំវិញកោះតៃវ៉ាន់ រួមទាំងបញ្ហាជម្លោះដែនទឹករវាងចិន និងហ្វីលីពីន នៅឯតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal នៃសមុទ្រចិនខាងត្បូង។ ប៉ុន្តែ ក្រុមអ្នកវិភាគជឿថាលោក Austin នឹងប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹងជាមួយចិន ក្នុងពេលដែលសហរដ្ឋអាមេរិក និងចិនទើបតែតភ្ជាប់បណ្ដាញទំនាក់ទំនងយោធានឹងគ្នាឡើងវិញ។

* នៅកម្ពុជា
មន្ត្រីអាមេរិក ៣នាក់ បានប្រាប់កាសែត Financial Times ថាលោក Lloyd Austin នឹងត្រូវជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាអតីតនិស្សិតបានបញ្ចប់ការសិក្សា ពីសាលាយោធាអាមេរិក West Point និងសាកលវិទ្យាល័យ New York University។ នៅក្រោមក្រសែភ្នែកអាមេរិក សម្ដេចធិបតីអាចនឹងមានទំនោរចង់ធ្វើការជាមួយទីក្រុងវ៉ាស៊ីនតោន ច្រើនជាង សម្ដេចតេជោ។ «យើងនៅតែមានការព្រួយបារម្ភមួយចំនួនចំពោះកម្ពុជា ប៉ុន្តែព្រមពេលជាមួយគ្នា យើងមើលឃើញការដឹកនាំប្រទេសរបស់មេដឹកនាំថ្មី នឹងអនុញ្ញាតយើងស្វែងរកឱកាសថ្មីៗ»។ នេះ ជាការគូសបញ្ជាក់របស់មន្ត្រីអាមេរិកម្នាក់ប្រាប់ Financial Times។ ចំណែក មន្ត្រីអាមេរិកម្នាក់ទៀតវិញ ក៏មើលឃើញពីឱកាសដូចគ្នាដែរដើម្បីធ្វើការជិតស្និទ្ធបន្ថែមជាមួយកម្ពុជា ខណៈចិនកំពុងជួប បញ្ហាសេដ្ឋកិច្ចក្នុងស្រុក និងមិនសូវចំណាយលុយច្រើនលើគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI)។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសចាប់តាំងពីកូវីដមក មូលនិធិ BRI របស់ចិន បានថយចុះ ហើយកម្ពុជាគឺជាប្រទេសមួយដែលរងផលប៉ះពាល់ខ្លាំងគួរសមដែរ។

ដូច្នេះនៅកម្ពុជា លោករដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងស្វែងរកឱកាសដើម្បីប្រែក្រឡាស់ភាពរីកចម្រើនមួយចំនួន ដែលចិនសម្រេចបាននៅក្នុងកម្ពុជា។ តែទោះជាបែបនេះក្ដី អ្នកជំនាញយោធាដូចជា លោក Derek Grossman មកពីក្រុមហ៊ុនស្រាវជ្រាវ Rand Corporation មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន យល់ថាដំណើរទស្សនកិច្ចរបស់លោក Austin ទំនងជាមិនអាចកែប្រែជំហានភូមិសាស្ត្រ នយោបាយដែលកម្ពុជាកំពុងដើរបាននោះទេ។ តាមលោក Grossman «នៅក្រោមទស្សនៈរបស់កម្ពុជា អ្វីដែលសហរដ្ឋអាមេរិកធ្វើ នោះគឺមកកម្ពុជា ហើយប្រដៅកម្ពុជាពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»​ ដែលនេះជាធម្មតាត្រូវបានចាត់ទុកថា «ជាការប្រមាថ» លើប្រជាជនកម្ពុជា៕