(ញូវដេលី)៖ នៅថ្ងៃព្រហស្បតិ៍នេះ សត្វជាច្រើនក្បាលបានដួលសន្លប់ មនុស្សបាននាំគ្នារត់រកទឹក និងមន្ត្រីរាជការត្រូវផ្លាស់ប្ដូរម៉ោងធ្វើការ ខណៈដែលសីតុណ្ហភាពក្ដៅខ្លាំង នៅតែបន្តគ្របដណ្ដប់ភាគខាងជើងនៃប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

សីតុណ្ហភាពនៅទីក្រុង Delhi បានកើនឡើងដល់ ៤៧អង្សាសេ ទាបជាងកំណត់ត្រានៅថ្ងៃមុនបន្តិច គឺ ៥២.៩អង្សាសេ។ Delhi ជាទីក្រុងដែលមានប្រជាជនរស់នៅប្រមាណ ២០លាននាក់ បានកត់ត្រាករណីស្លាប់ដោយសារកម្ដៅជាលើកដំបូងកាលពីថ្ងៃពុធ ដោយជនរងគ្រោះជាកម្មករអាយុ ៤០ឆ្នាំម្នាក់។

មនុស្សជាច្រើនត្រូវបានគេឃើញនាំគ្នាដេញ និងរត់ឡើងលើរថយន្តដឹកទឹក ដើម្បីដងទឹកដាក់ធុង ខណៈដែលការខ្វះខាតទឹកធ្ងន់ធ្ងរកំពុងកើតមានឡើង។ ការខ្វះខាតទឹកប្រើប្រាស់នេះ គឺដោយសារតែកម្រិតទឹកនៅក្នុងទន្លេ Yamuna ដែលជាប្រភពទឹកសំខាន់របស់ទីក្រុង Delhi កំពុងស្ថិតក្នុងកម្រិតទាបបំផុតមិនធ្លាប់មានពីមុនមក។

សត្វស្វា និងសត្វបក្សីជាច្រើនក្បាលបានដួលសន្លប់ដោយសារកម្ដៅក្ដៅខ្លាំងនេះផងដែរ។ ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ មានការមមាញឹកខ្លាំង ដោយសារមនុស្សជាច្រើនជ្រើសរើសបញ្ជាម្ហូបតាមអនឡាញ ដើម្បីជៀសវាងការចេញក្រៅ។

សីតុណ្ហភាពក្ដៅខ្លាំងនេះ ក៏បានបង្កឱ្យមានអគ្គិភ័យផងដែរ ដោយអាជ្ញាធរនៅតំបន់ Jammu និង Kashmir បានប្រើប្រាស់យន្តហោះដ្រូន ដើម្បីតាមដានអគ្គិភ័យនៅក្នុងព្រៃ។

គួរជម្រាបថា ប្រទេសប៉ាគីស្ថានដែលជាប្រទេសជិតខាង ក៏ជួបប្រទះនូវរលកកម្ដៅបែបេនះដែរ ដោយសីតុណ្ហភាពកើនលើសពី ៥២អង្សាសេ។ អ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថា និន្នាការកើនឡើងនៃសីតុណ្ហភាពក្ដៅខ្លាំងនេះ គឺបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ដែលជាប់ទាក់ទងនឹងសកម្មភាពរបស់មនុស្ស។ ឥណ្ឌា គឺជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេទីបីនៅលើពិភពលោក ហើយប្រទេសនេះ មានគោលដៅក្លាយជាប្រទេសដែលមានការបំភាយឧស្ម័នសុទ្ធសូន្យ នៅត្រឹមឆ្នាំ២០៧០៕