(តេហេរ៉ង់)៖ មេដឹកនាំកំពូលនៃប្រទេសអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានចេញមុខនិយាយស្ងើចសើរចំពោះក្រុមនិស្សិត នៅសហរដ្ឋអាមេរិក សម្រាប់សកម្មភាពធ្វើបាតុកម្មតវ៉ារបស់ពួកគេ នាពេលកន្លងមកនេះ ប្រឆាំងនឹងការកើនឡើងយ៉ាងច្រើនសម្បើម នៃចំនួនអ្នកស្លាប់ដោយសារតែ សង្រ្គាមរបស់អ៉ីស្រាអែល នៅតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤។
«ឥឡូវអ្នកទាំងអស់គ្នា បានបង្កើតផ្នែកមួយទៀតនៃចលនាតស៊ូ» លោក Khamenei បាននិយាយយ៉ាងដូច្នេះ ដោយសំដៅទៅលើក្រុមប្រដាប់អាវុធ នៅពាសពេញតំបន់មជ្ឈិមបូព៌ា ដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ ដើម្បីប្រឆាំងសត្រូវធំរបស់ខ្លួន គឺអ៉ីស្រាអែល ខណៈក្រុមប្រដាប់អាវុធទាំងនោះ ក៏ត្រូវបានគេស្គាល់ថាជា សម្ព័ន្ធចលនា Axis of Resistance ផងដែរ។ ក្នុងលិខិតមួយចេញផ្សាយ នៅលើវែបសាយផ្លូវការរបស់លោក Khamenei នាថ្ងៃព្រហស្បតិ៍នេះ មេដឹកនាំកំពូលអ៉ីរ៉ង់ បានបន្តថា «ស្របពេលដែលប្រវត្តិសាស្រ្តកំពុងចារទំព័រថ្មី អ្នកទាំងអស់គ្នាកំពុងតែឈរនៅខាងត្រឹមត្រូវហើយ»។
កាលពីខែមេសាកន្លងទៅ សាកលវិទ្យាល័យជាច្រើននៅសហរដ្ឋអាមេរិក បានមើលឃើញ ការផ្ទុះឡើងយ៉ាងកក្រើក នៃសកម្មភាពបាតុកម្មគាំទ្រជនជាតិប៉ាឡេស្ទីន ពីសំណាក់ក្រុមនិស្សិត ហើយរហូតឈានដល់ការប៉ះទង្គិចគ្នាជាមួយប៉ូលិស ព្រមទាំងការចាប់ឃាត់ខ្លួនមនុស្សរាប់រយនាក់។ ការតវ៉ាចាប់ផ្តើមដំបូង នៅឯសាកលវិទ្យាល័យ Columbia ក្នុងទីក្រុង New York ហើយក្រោយមក ក៏បានរីករាលដាលពាសពេញប្រទេស និងទៅដល់អឺរ៉ុប ព្រមទាំងកន្លែងផ្សេងទៀត។
គួរបញ្ជាក់ថា សង្រ្គាមបច្ចុប្បន្ននៅតំបនប់ហ្កាហ្សា បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅពេលក្រុមហាម៉ាស ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក បានធ្វើសកម្មភាពឆ្មក់វាយប្រហារទ្រង់ទ្រាយធំលើអ៉ីស្រាអែល។ ក្នុងការវាយប្រហារនោះ មនុស្សប្រហែល១២,០០០នាក់ បានស្លាប់ ហើយជាង២៥០នាក់ផ្សេងទៀត ត្រូវបានចាប់ជាចំណាប់ខ្មាំង។ មកទល់ពេលនេះ ១២១នាក់ កំពុងបន្តជាប់ឃុំឃាំងនៅហ្កាហ្សា នៅឡើយ ដោយរាប់បញ្ចូលទាំង៣៧នាក់ ដែលយោធាអ៉ីស្រាអែល អះអាងថា បានបាត់បង់ជីវិត។ ដោយឡែក ក្នុងសង្រ្គាមសងសឹករបស់អ៉ីស្រាអែល ប្រឆាំងក្រុមហាម៉ាសនៅហ្កាហ្សា អាជ្ញាធរនៅទីនោះបានអះអាងថា មនុស្សកើនដល់យ៉ាងហោច ៣៦,១៧១នាក់ហើយត្រូវបានសម្លាប់ ភាគច្រើនជាជនស៉ីវិល៕