(ហ្កាហ្សា)៖ សហរដ្ឋអាមេរិកបានបន្តនិយាយគាំទ្រការពារអ៊ីស្រាអែលជាដដែល បើទោះបីជាមុននេះបាន បង្ហាញជំហរប្រឆាំងចំពោះ ការធ្វើប្រតិបត្តិការវាយលុក ដោយថ្មើរជើង របស់អ៊ីស្រាអែលចូល ក្នុងក្រុង Rafah នៃតំបន់ចុងក្រោយបង្អស់របស់ Gaza ក៏ដោយ។ ប៉ុន្តែ ខណៈក្រុង Rafah កំពុងស្ថិតក្រោមអណ្តាតភ្លើង ប្រល័យជីវិតមនុស្ស នាពេលនេះ ពិភពលោកត្រូវគេមើលឃើញថា ហាក់ដូចជាបានបើកភ្នែករបស់ខ្លួនវិញហើយ បើទោះបីជាភ្នែកយុត្តិធម៌របស់ពួកគេនោះ ខុសពីភ្នែកយុត្តិធម៌របស់សហរដ្ឋអាមេរិក យ៉ាងណាក្តី។

កងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយលុកដាក់លើ​ក្រុងរ៉ាហ្វា បើទោះបីជាមានបទបញ្ជាហាមឃាត់របស់ តុលាការយុត្តិធម៌អន្តរជាតិ ICJ ដាក់បទបញ្ជា មិនឱ្យធ្វើប្រតិបត្តិការយោធានោះក្តី។ បើទោះបីជាកែវភ្នែកទាំងឡាយរបស់ប្រទេសមួយចំនួន ក្នុងពិភពលោក បានមើលឃើញចាត់ ទុកថាទង្វើវាយប្រហាររបស់អ៊ីស្រាអែល ឈានចូលក្នុងអ្វីដែលគេចាត់ទុកថាជាអំពើសម្លាប់ រង្គាលខុសច្បាប់ក៏ដោយ ប៉ុន្តែសហរដ្ឋអាមេរិកបានព្យាយាម និយាយការពារអ៊ីស្រាអែលនេះ ជាប់ជានិច្ច។

មន្ត្រីនាំពាក្យសេតវិមាន លោក John Kirby បានថ្លែងថា សហរដ្ឋអាមេរិកមិនជឿថា អ៊ីស្រាអែលបានបើកការលុកលុយ ពេញលេញលើទីក្រុង Rafah នៅភាគខាងត្បូង Gaza នោះទេ។ សម្តីរបស់លោក John Kirby បានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានទៅ ដល់កណ្តាលទីក្រុង Rafah ជាមួយនឹងសេចក្តីរាយការណ៍បង្ហាញថា ទាហានអ៊ីស្រាអែល បាន ចូលកាន់កាប់កូនភ្នំដ៏សំខាន់មួយ ជាយុទ្ធសាស្ត្រដែលនៅពីលើកូនភ្នំនោះ គេអាចមើលឃើញ
ព្រំដែនជាប់នៅក្បែរនឹង ប្រទេសអេហ្ស៊ីប។

ប្រធានាធិបតីអាមេរិក លោក Joe Biden ធ្លាប់បាននិយាយថា ប្រតិបត្តិការវាយលុកលុយ ទ្រង់ទ្រាយធំនៅក្នុងទីក្រុង Rafah ដែលគេគិតថាជា កន្លែងជនស៊ីវិលរាប់សែននាក់ធ្វើការ ស្នាក់នៅនោះ គឺជាទង្វើដែលឆ្លងកាត់បន្ទាត់ក្រហមអាមេរិកហើយ។ ប៉ុន្តែទង្វើលុកលុយ ដែលត្រូវបានគេរាយការណ៍មកនេះ មិនត្រូវបានសហរដ្ឋអាមេរិកនិយាយថាជាទង្វើឆ្លងកាត់ បន្ទាត់ក្រហមអាមេរិកឡើយ បើទោះបីជាមានការថ្កោលទោសខ្លាំងក្លាពីពិភពលោកក៏ដោយ។ ការស្លាប់បាត់បង់ជីវិតរបស់ ប្រជាជនប៉ាឡេស្ទីនក្នុងក្រុង Rafah នាពេលថ្មីៗនេះទៀត ត្រូវគេ ចាត់ទុកថាគឺជា ការធ្វើតេស្តពិនិត្យមើលលើ ការសន្យារបស់លោក ចូ បៃឌិន ដែលនិយាយមុននេះដែរថា លោកនឹងបញ្ឈប់ផ្ដល់អាវុធដល់អ៊ីស្រាអែល ប្រសិនបើអ៊ីស្រាអែល ចូលឈ្លានពានទ្រង់ទ្រាយធំ ទៅក្នុងក្រុងរ៉ាហ្វានាភាគ ខាងត្បូងទឹកដីកាហ្សានោះ ។ គួរបញ្ជាក់ថា រដ្ឋបាលលោកចូបៃដិនកាលពីខែមេសា បានអនុម័តកញ្ចប់ជំនួយ ២៦ពាន់លានដុល្លារដល់អ៊ីស្រាអែល។

មន្ត្រីសេតវិមាន លោក John Kirby នៅត្រូវបានសាកសួរដោយក្រុមអ្នកសារព័ត៌មានចង់ដឹង ថាតើ ហេតុការណ៍សោកនាដកម្មក្នុងក្រុង Rafah នោះ អាចជាប្រភេទសោកនាដកម្មដែល មន្ត្រីសហរដ្ឋអាមេរិក ធ្លាប់បានព្រមានថាអាចនាំឲ្យមានការដកជំនួយបន្ថែម ចំពោះប្រទេសអ៊ីស្រាអែលដែរឬទេ ។ លោក John Kirby បាននិយាយថា សហរដ្ឋអាមេរិកពុំមានម៉ែត្រឬ កម្រិតកូតាសម្រាប់កំណត់ ឬវាស់ដើម្បីចាត់ថ្នាក់សោកនាដកម្មនោះថា សមស្របសម្រាប់ការដកជំនួយយោធានោះឡើយ។

លោកបានបន្តថា សហរដ្ឋអាមេរិក ធ្លាប់បានបញ្ជាក់មែនរួចមកហើយថា គេមិនចង់ឃើញមានប្រតិបត្តិការថ្មើរជើងចូលទៅក្នុងក្រុងរ៉ាហ្វា ដែលអាចបង្កមហន្តរាយធ្ងន់ធ្ងរ និងមានមនុស្សស្លាប់ ច្រើននោះទេ ហើយរហូតមកទល់នៅពេលនេះ លោកថាសហរដ្ឋអាមេរិកនៅពុំទាន់ ឃើញអ៊ីស្រាអែលធ្វើប្រតិបត្តិការនោះឡើយ។

លោក Kirby នោះនៅត្រូវបានអ្នកសារព័ត៌មានសាកសួរផងទៀតអំពី ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលបណ្តាលឱ្យកើត មានជាអគ្គីភ័យឆេះ សម្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់៤៥នាក់ ស្ថិតក្នុងជំរំភៀសខ្លួនមួយកាលពីថ្ងៃអាទិត្យ។ អ៊ីស្រាអែល នៅចំពោះមុខការចោទប្រកាន់នោះ បាននិយាយដោះសារថាភ្លើងដែលឆេះនោះ អាចបណ្តាលមកពីអាវុធដែលគរទុកនៅក្បែរនោះ បំផ្ទុះដោយក្រុមហាម៉ាស់។

ប៉ុន្តែលោក John Kirbyទោះបីជាយ៉ាងណាក៏ដោយបានថ្លែងថា រូបភាពបង្ហាញអំពើវាយប្រហារកាលពីថ្ងៃអាទិត្យ ទី២៦ ឧសភា ដែលបានសម្លាប់ មនុស្សភាគច្រើនជាស្ត្រី, កុមារ និងមនុស្ស ចាស់ គឺជា រូបភាពដ៏គួរ "រន្ធត់ចិត្ត" និង "សង្វេគ" ។ លោកបានថ្លែងថា «មិនគួរឱ្យមានជីវិតមនុស្សស្លូតត្រង់ណាម្នាក់ ត្រូវបាត់បង់នៅទីនោះ ដោយសារតែជម្លោះនេះទេ»។ លោកJohn Kirbyបាននិយាយថាប៉ុន្តែអ៊ីស្រាអែល កំពុងស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ហើយ។ មន្ត្រីសេតវិមានបានបញ្ជាក់សាជាថ្មី នូវការមិនផ្លាស់ប្តូរគោលនយោបាយ ដោយសារតែមានព្រឹត្តិការណ៍ កើតឡើងកាលពីថ្ងៃអាទិត្យនោះទេ។

លោកJohn Kirby បាននិយាយការពារថាសហរដ្ឋអាមេរិក មិនបានឃើញកងកម្លាំងអ៊ីស្រាអែល វាយលុកសំរុកខ្លាំងក្លានៅក្នុងក្រុង Rafah និងថាគេមិនបានឃើញ កងកម្លាំងអ៊ីស្រាអែល ចូលវាយប្រហារជាមួយនឹងកម្លាំងអង្គភាពធំៗ ឬជាមួយចំនួនកងទ័ពដ៏ច្រើន សន្ធឹកសន្ធាប់ វាយប្រហារដាក់លើគោលដៅនានា ដោយការប្រើកម្លាំងថ្មើរជើងឡើយ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានពណ៌នាការវាយប្រហារកាល ពីថ្ងៃអាទិត្យថា វាជា "គ្រោះថ្នាក់ប្រកបដោយសោកនាដកម្ម" ប៉ុន្តែលោកនៅតែប្តេជ្ញាបន្តប្រតិបត្តិការវាយប្រហារក្រុង Rafah ជាដដែល ។ យោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារកាលពីថ្ងៃអាទិត្យនោះ បានកំណត់គោល ដៅជាក់លាក់និងបានសម្លាប់ មន្ត្រីជាន់ខ្ពស់ហាម៉ាសចំនួនពីរនាក់។

អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអង្គារ៍នេះថា កងទ័ពរបស់ខ្លួនកំពុងបន្តសកម្មភាពប្រឆាំង នឹង "គោលដៅភេរវកម្ម" នៅ ក្រុងRafah ដែលសម្តីបញ្ជាក់នេះ គឺបីសប្តាហ៍បន្ទាប់ពី ទាហាន អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការជើងគោកនៅក្នុងក្រុង Rafah នោះមក។ សាក្សីបាននិយាយថា រថក្រោះអ៊ីស្រាអែល បានឈរជើងនៅរង្វង់មូល al-Awda ដែលត្រូវបាន ចាត់ទុកថាជាទីតាំងសំខាន់មួយ។

អ្នកស្រុកបាននិយាយបន្តថា តំបន់ភាគខាងលិចនៃទីក្រុង Rafah បានស្ថិតនៅក្រោមការ ទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាពេញមួយយប់ ថ្ងៃច័ន្ទឈានចូលដល់ថ្ងៃអង្គារ ក្នុងសប្តាហ៍នេះ។ អំពើវាយប្រហាររបស់អ៊ីស្រាអែល ដែលគេចោទថាបានធ្វើឱ្យ ពលរដ្ឋស្លូតត្រង់បានស្លាប់និង របួសជាច្រើននៅក្នុងក្រុង Rafah មានច្រើនគួរកត់សម្គាល់ប៉ុន្តែអ៊ីស្រាអែលបានបន្តបដិសេធ ភាពពាក់ព័ន្ធនឹងគោលដៅបង្កគ្រោះថ្នាក់ ដល់ពលរដ្ឋស្លូតត្រង់។

យោធាអ៊ីស្រាអែលកាលពីថ្ងៃអង្គារ៍ នៅបានបដិសេធសេចក្តីរាយការណ៍មួយផងដែរ ដែលនិយាយថា គ្រាប់រថក្រោះរបស់ខ្លួន បានវាយប្រហារដាក់លើជំរំតង់មួយទៀត នៅតំបន់ al-Mawasi នាឆ្នេរសមុទ្រភាគខាងលិចក្រុង Rafah ដែលការវាយប្រហារនោះ ត្រូវគេរាយការណ៍ ថាមានមនុស្សស្លាប់យ៉ាងហោច២១នាក់។

អ៊ីស្រាអែលបាននិយាយដោយទទួចថា ជ័យជម្នះក្នុងសង្គ្រាមរយៈពេលប្រាំពីរខែរបស់ខ្លួន ជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា គឺមិនអាចទៅរួចបានទេ បើមិនបានវាយប្រហារដាក់ លើក្រុង Rafah នោះទេ។ អ៊ីស្រាអែលនៅតែនិយាយច្រានចោល រាល់ការព្រមាននានាដែល និយាយថា ការវាយប្រហារចូលក្រុង Rafah នឹងបង្កផលវិបាកជាមហន្តរាយ ដល់ជីវិតមនុស្សនោះ។ អង្គការសហប្រជាជាតិ បាននិយាយថា មានមនុស្សប្រមាណមួយលាននាក់ក្នុងពេលនេះ បានភៀសខ្លួនចេញពីការប្រយុទ្ធគ្នានៅទីក្រុង Rafah ប៉ុន្តែជាច្រើនម៉ឺននាក់ទៀតអាចនៅបន្ត ជ្រកកោននៅទីនោះ។

កងកម្លាំងការពារអ៊ីស្រាអែល បានចាប់ផ្តើមនូវអ្វីដែលពួកគេហៅថាប្រតិបត្តិជើងគោកដាក់ លើគោលដៅប្រឆាំងក្រុមយុទ្ធជនហាម៉ាស់ និងលើហេដ្ឋារចនាសម្ព័ន្ធហាម៉ាស់ នាភាគខាង កើតក្រុង Rafah ចាប់តាំងពីថ្ងៃទី៦ឧសភានោះមក។ ចាប់តាំងពីពេលនោះមកហើយ រថក្រោះ និងកងទ័ពបានបន្តរុញច្រានទៅមុខបន្តិចម្តងៗ ចូលទៅក្នុងតំបន់ភាគខាងកើត និងភាគកណ្តាលក្រុង Rafah គ្រាដែលកម្លាំងទ័ពខ្លះបាន ធ្វើដំណើរសំដៅមកភាគខាងជើង តាមបណ្តោយព្រំដែនចម្ងាយ១៣គីឡូម៉ែត្រ ជាប់នឹងប្រទេសអេហ្ស៊ីប។

អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធានៅតំបន់ហ្គាហ្សា ដើម្បីកម្ទេចក្រុមហាម៉ាសក្នុងអ្វីដែលអ៊ីស្រាអែលចាត់ទុកថា វាជាការឆ្លើយតបចំពោះ ការវាយប្រហារឆ្លងព្រំដែនរបស់ក្រុមហាម៉ាសនេះ ដាក់ទៅលើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ខែតុលា ក្នុងអំឡុងពេលដែល មនុស្សប្រមាណ១ពាន់២០០នាក់ ត្រូវបានសម្លាប់ និង២៥២ នាក់ផ្សេងទៀតត្រូវបានចាប់ធ្វើ ជាចំណាប់ខ្មាំង។ យុទ្ធនាការសងសឹកនោះ គិតមកទល់ពេលនេះនេះ បានសម្លាប់មនុស្សយ៉ាង ហោចជាង៣ម៉ឺន៦ពាន់នាក់វិញ ហើយនៅក្នុងតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាសនោះ។

នាពេលនេះ ភ្នែករបស់ពិភពលោក ត្រូវបានគេឃើញថាកំពុងបើកយ៉ាងយឺតសម្លឹង មើលទៅអ្វី ដែលគេចោទថាជា ទង្វើសម្លាប់រង្គាលរបស់អ៊ីស្រាអែល ក្នុងតំបន់ហ្គាហ្សានៃទឹកដីរបស់ប៉ាឡេស្ទីនហើយ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានកោះប្រជុំជាបន្ទាន់មួយ នាថ្ងៃអង្គារ៍ ទី២៨ ឧសភាជុំវិញប្រតិបត្តិការថ្មើរជើង របស់អ៊ីស្រាអែលក្នុងក្រុង Rafah គ្រាដែលប្រទេសអេស្ប៉ាញ, Ireland និងប្រទេសណ័រវ៉េ បានប្រកាសជំហររដ្ឋាភិបាលរបស់ខ្លួន ទទួលស្គាល់នូវទឹកដីរដ្ឋប៉ាឡេស្ទីន។ ការប្រកាសទទួលស្គាល់នៃប្រទេសទាំងបីក្នុងទ្វីបអឺរ៉ុបនេះ នឹងរំពឹងថា ប្រទេសដទៃទៀតនឹងអាចយកគំរូតាម ដើម្បីសន្តិសុខនិងសន្តិភាពក្នុងតំបន់មជ្ឈិមបូព៌ា។

ការទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋនេះ បានបង្កឲ្យប្រទេសអ៊ីស្រាអែលខឹងសម្បារ ហើយ រហូត មកទល់នឹងពេលនេះ ក្នុងចំណោមរដ្ឋសមាជិកអង្គការសហប្រជាជាតិ ចំនួន១៩៣ ប្រទេស គឺ មានរដ្ឋចំនួន ១៤៥ ហើយដែលទទួលស្គាល់ ប៉ាឡេស្ទីនជារដ្ឋស្របច្បាប់មួយ ។ ប្រទេសដែលនៅមិនទាន់ទទួលស្គាល់រួមមាន សហរដ្ឋអាមេរិក កាណាដា បណ្ដាប្រទេស អឺរ៉ុបខាង លិចភាគច្រើន ប្រទេសអូស្ត្រាលី ជប៉ុន ឬកូរ៉េខាងត្បូងជាដើម។

សហរដ្ឋអាមេរិក កាលពីខែមេសាបានប្រើប្រាស់សិទ្ធិវេតូរបស់ខ្លួន នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីរារាំងសំណើរបស់ប៉ាឡេស្ទីន ដើម្បីក្លាយជារដ្ឋសមាជិកពេញសិទ្ធិ របស់អង្គការសហប្រជាជាតិ ប៉ុន្តែសហរដ្ឋអាមេរិកមិនអាចទប់ ឬរារាំងនឹងសិទ្ធិបុគ្គលម្នាក់ៗ ដែលបានបើកភ្នែកឃើញ នូវទុក្ខសោករបស់ពលរដ្ឋប៉ាឡេស្ទីន លើទិដ្ឋភាពជាក់ស្តែងឡើយ។

កាលពីសប្តាហ៍មុននោះផងដែរ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានស្នើចេញដីកាចាប់ខ្លួន មេដឹកនាំធ្វើសង្គ្រាមអ៊ីស្រាអែល និងមេដឹកនាំក្រុមហាម៉ាស…និងក្រោយមកតុលាការយុត្តិធម៌ អន្តរជាតិ ICJ បានចេញដីកាបង្គាប់ឱ្យអ៊ីស្រាអែល ត្រូវបញ្ឈប់សកម្មភាពវាយប្រហារយោធា ក្នុងក្រុង Rafah…ចំណែកសាធារណរដ្ឋប្រជាមានិតចិន បានសម្តែងក្តីព្រួយបារម្ភជុំវិញទង្វើ យោធាអ៊ីស្រាអែលវាយប្រហារដាក់លើក្រុង Rafah និងរដ្ឋាភិបាលក្រុងប៉េកាំងបានអំពាវនាវ ដល់រដ្ឋាភិបាលក្រុង Tel Aviv ត្រូវស្តាប់សម្លេងរបស់ពិភពលោកដែលអំពាវនាវការបញ្ឈប់វាយ ប្រហារនោះជាបន្ទាន់។

នាពេលនេះទៀតអ្វីដែលពិភពលោកកំពុងទន្ទឹងរង់ចាំមើលនោះគឺថា តើការស្នើចេញដីកា របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ប្រមាណជាងមួយសប្តាហ៍រួចមកនេះ ដើម្បីស្នើចាប់ ខ្លួន នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិងរដ្ឋមន្ត្រីការពារជាតិលោក Yaov Gallant និងមេដឹកនាំហា ម៉ាស បីរូបទៀតដែលគេជឿថា ទទួលខុសត្រូវលើការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្ម ប្រឆាំង មនុស្សជាតិនោះ នឹងអាចចេញរួចថែមទៀតដែរឬទេ?