(តេហេរ៉ង់)៖ រដ្ឋមន្រ្តីមហាផ្ទៃអ៉ីរ៉ង់ លោក Ahmad Vahidi បានប្រាប់ទូរទស្សន៍រដ្ឋឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ អ៉ីរ៉ង់ បានចាប់ផ្តើមដំណើការចុះឈ្មោះបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោតនៅដើមខែមិថុនា ក្រោយមរណភាពរបស់ លោក Ebrahim Raisi។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ ២០២៤។

លោក Raisi ធ្លាប់ត្រូវគេមើលឃើញថា អាចជាអ្នកស្នងតំណែងបន្តពី មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ដែលជាបុគ្គលមានអំណាចធំជាងគេបង្អស់ នៅក្នុងប្រទេសអ៉ីរ៉ង់ និងដែលកំពុងមានវ័យកាន់តែចំណាស់ទៅហើយ។ ការស្លាប់របស់លោក បានបង្កឱ្យមានការប្រណាំងប្រជែងគ្នា ក្នុងចំណោមក្រុមអ្នកនយោបាយអ៉ីរ៉ង់ ដែលប្រកាន់ជំហរតឹងរ៉ឹង ដើម្បីជះឥទ្ធិពល លើការជ្រើសរើសប្រធានាធិបតីបន្ទាប់។

លោក Vahidi បានបញ្ជាក់ថា «ដំណើរការពិនិត្យពិច័យនឹងមានរយៈពេល៧ថ្ងៃ ហើយបន្ទាប់មក បេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នឹងមានពេលជិត២សប្តាហ៍ សម្រាប់យុទ្ធនាការបោះឆ្នោត។ ក្រុមប្រឹក្សាធម្មនុញ្ញអ៉ីរ៉ង់ ​នឹងបិទ​ផ្សាយ​ឈ្មោះ​បេក្ខជន​ដែលជាប់​នៅ​ថ្ងៃ​ទី១១ ខែ​មិថុនា»

គួរបញ្ជាក់ថា ការចុះឈ្មោះបេក្ខជននេះ ក៏អាចរួមមានដូចជា លោក Parviz Fattah អតីតសមាជិកកងឆ្មាំបដិវត្តន៍ ដែលធ្លាប់ដឹកនាំមូលនិធិវិនិយោគ មានទំនាក់ទំនងជាមួយលោក Ali Khamenei ក៏ដូចជាលោក Saeed Jalili អតីតប្រធានអ្នកចរចានុយក្លេអ៊ែរ ដែលកាលពីឆ្នាំ ២០០១ បានគ្រប់គ្រងការិយាល័យរបស់លោក Khamenei អស់រយៈពេល ៤ឆ្នាំផងដែរ៕