(ប៉េកាំង)៖ កាលពី ២៥ ឆ្នាំមុន គឺឆ្នាំ ១៩៩៩ មេដឹកនាំនៃប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូងបានអញ្ជើញចូលរួម ពិធីស្រស់ស្រូបអាហារពេលព្រឹក ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន និង ចិន ជប៉ុន និងកូរ៉េខាងត្បូង (១០បូក៣)ដោយបានចាប់ដំណើរការ នូវដំណើរសហប្រតិបតិ្តការចិន-ជប៉ុន-កូរ៉េខាងត្បូង។ គោលបំណងនៅពេលនោះ គឺដើម្បីដឹកនាំការគ្រោងផែនការ អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសចំទាំងបី និងរួមគ្នាឆ្លើយតបនឹងវិបត្តិហិរញ្ញវត្ថុអាស៊ី។

ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី បាននិងកំពុងបោះជំហានទៅមុខក្នុងភាពបត់បែន ដែលបានដើរតួនាទីដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ក្នុងតំបន់និងពិភពលោក ក៏ដូចជាដឹកនាំការធ្វើសមាហរណកម្មក្នុងតំបន់ ។ ក្នុងអំឡុងពេលនេះ ដោយសារកត្តាមួយចំនួន ដូចជា ការរីករាលដាលនៃជំងឺកូវីដ ១៩ និងសហរដ្ឋអាមេរិកបានញុះញង់អុជអាល ឱ្យបង្កការប្រឈមដាក់គ្នា និងការបែកបាក់នៅតំបន់អាស៊ីប៉ាស៊ីហ្វិកជាដើម បានជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី បានធ្លាក់ក្នុង ភាពជាប់គាំង បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលចិន ជប៉ុននិងកូរ៉េខាងត្បូងលើកទី ៨ កាលពីខែធ្នូ ឆ្នាំ ២០១៩។ ដោយឡែក នៅខែវិច្ឆិកា ឆ្នាំ ២០២៣ កិច្ចជំនួបរវាងប្រមុខរដ្ឋចិននិងអាមេរិកនៅសាន់ហ្វ្រាន់ស៊ីស្កូ បានជំរុញឱ្យទំនាក់ទំនង រវាងប្រទេសទាំងពីរ ឈប់ធ្លាក់ចុះ និងឆ្ពោះទៅរកស្ថិរភាព ហើយក៏បានជំរុញឱ្យទំនាក់ទំនងចិន-ជប៉ុន និងទំនាក់ទំនងចិន-កូរ៉េខាងត្បូង មានភាពល្អប្រសើរឡើងវិញផងដែរ ដែលបានបង្កលក្ខណសម្បត្តិខាងក្រៅ សម្រាប់ការចាប់ដំណើរការឡើងវិញ នូវកិច្ចប្រជុំកំពូលចិន ជប៉ុននិងកូរ៉េខាងត្បូង។

នៅថ្ងៃទី ២៧ ខែឧសភា កិច្ចប្រជុំកំពូលចិន ជប៉ុននិងកូរ៉េខាងត្បូងលើកទី ៩ បានបើកធ្វើនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ។ ភាគីទាំងបីបានចេញផ្សាយសេចក្តីប្រកាសរួម ដោយបានឯកភាពគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្ត «ចក្ខុវិស័យអំពីកិច្ចសហប្រតិបត្តិការ រវាងចិន ជប៉ុននិងកូរ៉េខាងត្បូងនៅ ១០ ឆ្នាំនាពេលអនាគត» ដែលអនុម័តដោយកិច្ចប្រជុំកំពូលលើកទី ៨ ក្នុងន័យជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបីឱ្យទៅជាយន្តការ ក៏ដូចជារួមគ្នាគាំពារសន្តិភាព ស្ថិរភាព វឌ្ឍនភាពនិងវិបុលភាព នៃពិភពលោក។

អ្នកវិភាគបានលើកឡើងថា ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិមានភាពរង្គោះរង្គើ និងការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោក មានកម្លាំងទន់ខ្សោយ ការបើកធ្វើកិច្ចប្រជុំកំពូលចិន ជប៉ុននិងកូរ៉េខាងត្បូងលើកនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងថែរក្សាយ៉ាងខ្លាំងរបស់ប្រទេសទាំងបី ចំពោះកិច្ចសហប្រតិបត្តិការ ហើយក៏បានឆ្លុះបញ្ចាំងពី ការដែលគោលនយោបាយចំពោះចិន របស់ប្រទេសជប៉ុននិងកូរ៉េខាងត្បូងកំពុងកាន់ អាកប្បកិរិយាប្រកបដោយវិចារណញ្ញាណ ក៏ដូចជាការឡើងកម្តៅបន្តិចម្តងៗ នៃបរិយាកាសនយោបាយរវាងប្រទេសចំនួនបីផងដែរ ។ មជ្ឈដ្ឋានខាងក្រៅបានយល់ឃើញជាទូទៅថា សមិទ្ធផលជាផ្លែផ្កា ដែលសម្រេចបាន ក្នុងកិច្ចប្រជុំលើកនេះជាសញ្ញាបង្ហាញពីការចាប់ដៃគ្នា ធ្វើកិច្ចសហប្រតិបត្តិការម្តងទៀត រវាងប្រទេសទាំងបី។

សំណើ ៥ចំណុចស្តីពីការអភិវឌ្ឍទំនាក់ទំនងចិន-ជប៉ុន-កូរ៉េខាងត្បូង នាពេលអនាគត ដែលបានលើកឡើងដោយលោក Li Qiang នាយករដ្ឋមន្ត្រីចិនក្នុងកិច្ចប្រជុំកំពូលលើកនេះទទួលបាន ការឆ្លើយតបវិជ្ជមានពីសំណាក់ មេដឹកនាំកូរ៉េខាងត្បូងនិងជប៉ុ ។ ពួកគេរំពឹងថា នឹងចាត់ទុកកិច្ចប្រជុំកំពុលលើកនេះ ជាទីចាប់ផ្តើមថ្មីដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី រក្សាភាពនឹងនរនិងនិរន្តរភាព ។ ប្រការនេះបានបង្ហាញយ៉ាងពេញលេញថា ប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូងមានផលប្រយោជន៍រួម និងចន្លោះសហប្រតិបត្តិការជាច្រើន ដែលអាចស្វែងរកការអភិវឌ្ឍជាមួយគ្នា តាមរយៈការរួមសាមគ្គីគ្នានិងអន្តរសកម្មភាព។

បច្ចុប្បន្ននេះ ការគាំពារនិយមខាងពាណិជ្ជកម្មជាសកល មានសភាពកាន់តែធ្ងន់ធ្ងរ ហើយហានិភ័យនៃ "ការផ្តាច់ទំនាក់ទំនង" កំពុងកើនឡើង។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចដ៏សំខាន់នៅតំបន់អាស៊ី ប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូងគឺជាប្រទេសជិតខាង ដែលមិនអាចរើផ្ទះបាន ហើយក៏ជាដៃគូសហប្រតិបត្តិការ ដែលមិនអាចបែងចែកពីគ្នាបាន។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់ប្រទេសជប៉ុននិងកូរ៉េខាងត្បូង ហើយប្រទេសទាំងបីមានចន្លោះសហប្រតិបត្តិការ យ៉ាងធំទូលាយក្នុងវិស័យដូចជាសេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិតនិងស្ថិរភាពហិរញ្ញវត្ថុជាដើម។

បើមើលដោយសត្យានុម័តអាឃើញថា កិច្ចសហប្រតិបត្តិការចិន-ជប៉ុន-កូរ៉េខាងត្បូងមានឱកាស ហើយក៏មានបញ្ហាប្រឈមដែរ ។ នាពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកកំពុងពន្លឿនការអនុវត្ត "យុទ្ធសាស្ត្រឥណ្ឌាប៉ាស៊ីហ្វីក" ដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ចិន ។ ក្នុងនាមជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ប្រទេសជប៉ុននិងកូរ៉េខាងត្បូងត្រូវរងការរឹតត្បិតពីទីក្រុងវ៉ាស៊ីនតោន ក្នុងបញ្ហាអភិវឌ្ឍ ទំនាក់ទំនង ជាមួយប្រទេសចិន។ លើសពីនេះទៅទៀត ប្រទេសចិននិងជប៉ុន ជប៉ុននិងកូរ៉េខាងត្បូង មានការខ្វែងគំនិតគ្នា អំពីបញ្ហាប្រវត្តិសាស្ត្រជាដើម ដែលបានប៉ះពាល់ដល់ការកសាង ទំនុកចិត្តផ្នែកនយោបាយរវាងគ្នានិងគ្នា។

ឆ្ពោះទៅរកអនាគត ភាគីទាំងបីកាន់តែត្រូវធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ការរំខានពីខាងក្រៅ គោរពផលប្រយោជន៍ស្នូល និងកង្វល់ដ៏សំខាន់រវាងគ្នានិងគ្នា អនុវត្តយ៉ាងប្រាកដប្រជានូវសមិទ្ធផល នៃកិច្ចប្រជុំដើម្បីជំរុញឱ្យ កិច្ចសហប្រតិបត្តិការចិន ជប៉ុននិងកូរ៉េខាងត្បូងចាប់ដៃគ្នាចេញដំណើរថ្មី។ ប្រការនេះនឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍កាន់តែល្អ ដល់ប្រជាជន នៃប្រទេសទាំងបីប៉ុណ្ណោះទេ ថែមទាំងវាក៏ជាអ្វីដែលតំបន់និងពិភពលោក ចង់ឃើញនិងចង់បានផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន