(សៅប៉ូឡូ)៖ ប្រធានាធិបតីប្រេស៉ីល លោក Luiz Inacio Lula da Silva បានដកឯកអគ្គរដ្ឋទូតប្រចាំនៅអ៉ីស្រាអែល រួចបញ្ជូនឱ្យទៅធ្វើជាអ្នកតំណាងពិសេសនៅទីក្រុងហ្សឺណែវវិញ ចំពេលមានជម្លោះផ្នែកការទូតរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ ២០២៤។

ការដក លោក Frederico Meyer​ កើតមានឡើងប៉ុន្មានខែបន្ទាប់ពី លោក Lula ប្រាប់ឱ្យឯកអគ្គរដ្ឋទូតរូបនេះត្រលប់មកប្រេស៉ីលវិញ និងនៅបន្ទាប់ពី លោក Meyer ត្រូវបានរដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល លោក Israel Katz កោះហៅទៅ​ប្រាប់​ថា លោក Lula ត្រូវបានចាត់ទុកជា បុគ្គលមិនត្រូវបានស្វាគមន៍ឡើយ នៅអ៉ីស្រាអែល។ ចំណាត់ការរបស់អ៉ីស្រាអែលនេះទៀតសោត ក៏ត្រូវបានធ្វើឡើង ក្រោយការអត្ថាធិប្បាយរបស់ លោក Lula ដែលប្រដូចសកម្មភាពយោធាអ៉ីស្រាអែល ទៅនឹងការសម្លាប់រង្គាលលើជនជាតិជ្វីហ្វ កាលពី​សម័យសង្រ្គាមលោកលើកទី២។ លោក Meyer ឥឡូវនេះត្រូវបម្រើការជាអ្នកតំណាងពិសេសរបស់ប្រេស៉ីលប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀត នៅទីក្រុងហ្សឺណែវ។

គួរបញ្ជាក់ថា បើតាមសេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេសប្រេស៉ីល ឯកអគ្គរដ្ឋទូតប្រេស៉ីលប្រចាំអ៉ីស្រាអែល នឹងត្រូវប្រកាសសមាសភា ពនៅពេលកំណត់មួយ ហើយស្ថានទូតរបស់ខ្លួនក្នុងទីក្រុង Tel Aviv នឹងត្រូវដឹកនាំការងារដោយភារធារី៕