(ណៃពិដោ)៖ របាយការណ៍វាយតម្លៃលើស្ថានភាពជម្លោះបង្ហាញថា កងកម្លាំងយោធានៃរបបសឹកមីយ៉ាន់ម៉ា បានបាត់បង់ការគ្រប់គ្រងទឹកដី យ៉ាងសន្ធឹកសន្ធាប់ រួមទាំងច្រកព្រំដែនអន្តរជាតិផងដែរ ដែលអនុញ្ញាតឱ្យក្រុមចលនាតស៊ូប្រដាប់អាវុធពង្រីក និងពង្រឹងតំបន់ដែលស្ថិតនៅ ក្រោមគ្រប់គ្រងរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ ២០២៤។

បាតុកម្មតាមដងផ្លូវ ដែលទទួលរងការបង្ក្រាបយ៉ាងសាហាវ បានក្លាយទៅជាចលនាតស៊ូប្រដាប់អាវុធ រួមបញ្ចូលគ្នាជាមួយ កងកម្លាំងជនជាតិភាគតិចជាច្រើនក្រុម នៅមីយ៉ាន់ម៉ា ហើយកំពុងបង្កជាបញ្ហាប្រឈមធំចំពោះរបបសឹក ក្នុងរយៈពេលជាច្រើនទសវត្សរ៍។

បើតាមក្រុម​ប្រឹក្សា​ពិសេស​សម្រាប់​មីយ៉ាន់ម៉ា (SAC-M) របបសឹក លែងគ្រប់គ្រងប្រទេសប្រកបដោយប្រសិទ្ធភាពទៀតហើយ ដោយបានបាត់បង់សិទ្ធិអំណាចពេញលេញ លើទីប្រជុំជនដែលគ្របដណ្តប់ ៨៦ភាគរយ នៃទឹកដីរបស់ប្រទេសទាំងមូល និងដែលមានប្រជាជនរស់នៅ ៦៧ភាគរយនៃចំនួនប្រជាជនសរុប។

ដោយឡែក បើ​តាម​របាយការណ៍ពី Non-profit Crisis Group ក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលបានទទួលជ័យជំនះ ផ្នែកយោធាច្រើន កំពុងពង្រឹងការគ្រប់គ្រងទឹកដីកំណើតរបស់ពួកគេ ហើយអាចឈានទៅបង្កើតរដ្ឋស្វ័យភាព។ ការបាត់បង់ចំណែក គ្រប់គ្រងទឹកដីភាគច្រើន និងការខកចិត្តក្នុងចំណោមឥស្សរជន នៅក្នុងរដ្ឋធានីណៃពិដោ (Naypyidaw) កំពុងធ្វើឱ្យអនាគតរបស់ មេដឹកនាំនៃរបបសឹក លោក Min Aung Hlaing ស្ថិតក្នុងភាពស្រពិចស្រពិល។

គួរបញ្ជាក់ថា ប្រទេសអាស៊ានដែលមានប្រជាជនចំនួន ៥៥លាននាក់មួយនេះ បានស្ថិតក្នុងភាពចលាចលចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២១មក នៅពេលដែលយោធា បានធ្វើរដ្ឋប្រហារបណ្តេញរដ្ឋាភិបាលស៉ីវិល របស់លោកស្រី អ៊ុងសាន ស៊ូជី។ ជុំវិញរបាយការណ៍ខាងលើ អ្នកនាំពាក្យនៃរបបសឹកយោធា មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយពី Reuters នោះទេ៕