(មូស្គូ)៖ ទីភ្នាក់ងារព័ត៌មានរបស់រុស្ស៉ី RIA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov បានលើកឡើងថា ចិនអាចជួយរៀបចំ សន្និសីទសន្តិភាពមួយ ដែលរុស្ស៉ីព្រមទាំងអ៊ុយក្រែន នឹងចូលរួម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤។

លោក Lavrov បានបន្តថា ការធ្វើបែបនោះនឹងជា ការបន្តកិច្ចប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ដែលសំដៅជួយដោះស្រាយវិបត្តិអ៊ុយក្រែន។ ក្នុងបទសម្ភាសមួយជាមួយ ទីភ្នាក់ងារព័ត៌មាន RIA លោករដ្ឋមន្រ្តីការបរទេសរុស្ស៉ី បាននិយាយដូច្នេះថា «យើងមានការយល់ឃើញដូចគ្នា ចំពោះជំហររបស់​ចិន ដែលថាដើមចមនៃបញ្ហាជម្លោះ ចាំបាច់ត្រូវតែដោះស្រាយក្នុងជំហានដំបូងបំផុត ហើយផលប្រយោជន៍ស្របច្បាប់របស់ភាគីទាំងអស់ ត្រូវតែ​ទទួលបានការការពារ តាមរយៈការបង្កើតកិច្ចព្រមព្រៀង ដោយឈរលើគោលការណ៍នៃសមភាព និងសន្តិសុខមិនអាចបែកចែកដាច់ពីគ្នា»

គួរបញ្ជាក់ថា រុស្ស៉ីបានអំពាវនាវម្តងហើយម្តងទៀតឱ្យមានការចរចាគ្នា ប៉ុន្តែបានភ្ជាប់ជាមួយនូវលក្ខខណ្ឌ នោះគឺទីក្រុងកៀវ និងក្រុមប្រទេស​លោកខាងលិច ត្រូវតែទទួលស្គាល់ព្រំដែននៃទឹកដីដែលកងកម្លាំងរុស្ស៉ី កំពុងកាន់កាប់នៅអ៊ុយក្រែន ក៏ប៉ុន្តែទីក្រុងកៀវ បានបដិសេធចំពោះ​ការទាមទារនោះ។ លោក Lavrov បានរិះគន់សហរដ្ឋអាមេរិក សម្រាប់ការបន្តផ្តល់ជំនួយឱ្យអ៊ុយក្រែន ហើយក៏បានចោទអាមេរិកថា កំពុងតែ​ដុតបញ្ឆេះភ្លើងជម្លោះឱ្យកាន់តែក្តៅនៅមជ្ឈិមបូព៌ាផងដែរ ដោយលោកចង់សំដៅលើសង្រ្គាមនៅហ្កាហ្សា។

ដោយឡែក នៅពាក់កណ្តាលខែមិថុនាខាងមុខនេះ សន្និសីទអន្តរជាតិមួយស្តីពីសន្តិភាពអ៊ុយក្រែន កំពុងគ្រោងរៀបចំឡើងនៅឯប្រទេសស្វីស ប៉ុន្តែប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន មិនត្រូវបានអញ្ជើញឱ្យចូលរួមឡើយ។ វិមានក្រឹមឡាំង ធ្លាប់បាននិយាយថា សន្និសីទបែបនោះ មុខជានឹងគ្មានសម្រេចបានលទ្ធផលអ្វីឡើយ ដ្បិតរុស្ស៉ីដែលជាភាគីជម្លោះផ្ទាល់នៅក្នុងសង្រ្គាម ពុំមានវត្តមាន៕