(គែរ)៖ ក្រុមឧទ្ទាមហ៊ូទីមានមូលដ្ឋានក្នុងប្រទេសយេម៉ែន បានអះអាងថាកងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់យន្ដហោះដ្រូន MQ-9 មួយគ្រឿងរបស់សហរដ្ឋអាមេរិក នៅក្នុងខេត្ត Maareb ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសយេម៉ែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យរបស់ក្រុមហ៊ូទី លោក Yahya Sarea ធ្វើការបញ្ជាក់ពីការបាញ់ទម្លាក់យន្ដហោះដ្រូនអាមេរិកខាងលើ នៅក្នុងសុន្ទរកថាមួយផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃពុធ ទី២៩ ខែឧសភា។ តាមអ្នកនាំពាក្យរូបនេះដដែល មកទល់នឹងពេលនេះ ក្រុមហ៊ូទីបានបាញ់ទម្លាក់យន្ដហោះដ្រូនរបស់សហរដ្ឋអាមេរិកបាន ៦គ្រឿង ហើយ រាប់ទាំងដ្រូនដែលត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃពុធ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែឧសភា ក្រុមហ៊ូទី ក៏បានអះអាងផងដែរពីការបាញ់ទម្លាក់យន្ដហោះដ្រូនអាមេរិក MQ-9 នៅក្នុងខេត្ត al-Bayda នៃភាគខាងត្បូង ប្រទេសយេម៉ែន។ ក្រុមហ៊ូទីដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក និងដែលកំពុងគ្រប់គ្រងរដ្ឋធានីសាណា នៃប្រទេសយេម៉ែន បាន និងកំពុងដឹកនាំការវាយប្រហារលើនាវាចម្បាំង អាមេរិក និងកប៉ាល់ដឹកទំនិញក្នុងតំបន់សមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុនមកម្ល៉េះ ដើម្បីបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា៕