(វ៉ាស៊ីនតោន)៖ អតីតបេក្ខជនប្រធានាធិបតីអាមេរិកខាងគណបក្សសាធារណរដ្ឋ លោកស្រី Nikki Haley បានចារពាក្យ «បង្ហើយពួកវាទៅ!» នៅលើគ្រាប់កាំភ្លើងធំ មួយគ្រាប់របស់អ៉ីស្រាអែល អំឡុងធ្វើទស្សនកិច្ចនៅអ៉ីស្រាអែលកាលពីពេលថ្មីៗនេះ ខណៈអ៉ីស្រាអែលកំពុងបន្តធ្វើសង្រ្គាមក្នុងតំបន់ហ្កាហ្សាដែលសម្លាប់មនុស្សជាង ៣៦ ០០០នាក់ហើយ ក្នុងរយៈពេលជាង៨ខែមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤។

រូបភាពដែលលោកស្រី Nikki Haley អង្គុយនៅខាងមុខគ្រាប់កាំភ្លើងធំជាច្រើនគ្រាប់ ត្រូវបានចែករំលែក (shared) នៅលើបណ្ដាញទំនាក់ទំនងសង្គមដោយលោក Danny Danon ជាអ្នកនយោបាយអ៉ីស្រាអែលម្នាក់ និងជាអតីតឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិ។ រីឯរូបទី២ ដែលអ្នកនយោបាយអ៉ីស្រាអែលរូបនេះបាន ចែករំលែកបានបង្ហាញពីលោកស្រី Haley បានសរសេរពាក្យ «បង្ហើយពួកវាទៅ!» នៅលើគ្រាប់កាំភ្លើងធំមួយគ្រាប់របស់អ៉ីស្រាអែល។ អាមេរិកស្រឡាញ់ អ៉ីស្រាអែលជានិច្ច» (Finish them - America HEART Israel, Always)។

ក្រោយការចែករំលែករូបភាពទាំងនេះ លោកស្រី Haley បានទទួលរងការរិះគន់ពីសំណាក់ក្រុមអង្គការការពារសិទ្ធិមនុស្ស។ «សង្រ្គាមមិនមែនជាកន្លែងទាក់ទាញ ចំណាប់អារម្មណ៍នោះទេ។ សង្រ្គាមមានច្បាប់ទម្លាប់។ ជនស៊ីវិលត្រូវតែស្ថិតនៅក្រោមការគាំពារ»។ នេះជាការគូសបញ្ជាក់របស់អង្គការលើកលែងទោសអន្តរជាតិ Amnesty International នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃពុធសប្ដាហ៍សប្ដាហ៍នេ ជាបញ្ចេញប្រតិកម្មទៅនឹងទង្វើរបស់លោកស្រី Haley។

គួរបញ្ជាក់ថា ប្រតិបត្តិការវាយលុករបស់អ៉ីស្រាអែលលើទីក្រុង Rafah នៃតំបន់ហ្កាហ្សា បានទទួលរងការថ្កោលទោសយ៉ាងខ្លាំង ហើយសូម្បីតែតុលាការ ICJ ក៏បាន ចេញបង្គាប់ឱ្យអ៉ីស្រាអែលបញ្ឈប់ការវាយប្រហារលើទីក្រុងនេះដែរ។ ប៉ុន្តែ អ៉ីស្រាអែលមិនស្ដាប់ការអំពាវនាវអ្វីទាំងអស់ដោយនៅតែបន្តការវាយប្រហាររបស់ខ្លួន ក្នុង នោះរួមមានទាំងការទម្លាក់គ្រាប់បែកលើជំរំជនភៀសខ្លួនប៉ាឡេស្ទីនកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ដោយបានសម្លាប់មនុស្ស ៤៥នាក់ មានទាំងអ្នកត្រូវភ្លើងឆេះ ទាំងរស់រហូតដល់ស្លាប់យ៉ាងអាណោចអធមទៀតផង៕